(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានរិះគន់ពីការបែកបាក់ នៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ជុំវិញការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៉ី ហើយបានចោទសួរថាតើហេតុអ្វីបានជាប្រទេសអឺរ៉ុបមួយចំនួនរារាំងខ្ទប់ផែនការដាក់ទណ្ឌកម្មនេះ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ថារុស្ស៉ីនៅតែបន្ត ទទួលបានលុយរាប់ពាន់លានអឺរ៉ូ ក្នុងមួយថ្ងៃពីប្រទេសទាំង ២៧ ជាសមាជិកសហភាពអឺរ៉ុប សម្រាប់ការផ្គត់ផ្គង់ថាមពល។ ប្រធានាធិបតីអ៊ុយក្រែន រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, ខ្ញុំពិតជាសប្បាយរីករាយចំពោះមិត្តមួយចំនួនដែលបាន និងកំពុងជំរុញឱ្យមានការដាក់ទណ្ឌកម្មថ្មី។ ប៉ុន្តែថាតើអ្នកដែលរាំងខ្ទប់កញ្ចប់ទណ្ឌកម្មជុំទី៦នេះ មានអំណាមកពីណា? ហើយហេតុអ្វីបានជាពួកគេត្រូវបានអនុញ្ញាតឱ្យមានអំណាចបែបនេះ?»

គួរបញ្ជាក់ថា បច្ចុប្បន្ន, សហភាពអឺរ៉ុបកំពុងពិភាក្សាគ្នាពីកញ្ចប់ទណ្ឌកម្មជុំទី៦ ប្រឆាំងនឹងរុស្ស៉ី ក្នុងនោះរួមមានទាំងការហាមឃាត់ការនាំចូលប្រេងពី រុស្ស៉ី ហើយដើម្បីអាចអនុម័តកញ្ចប់ទណ្ឌកម្មនេះបាន គេត្រូវការសំឡេងជាឯកច្ឆន្ទ ឬកង់សង់ស៊ីសពីបណ្ដាប្រទេសជាសមាជិកទាំង២៧។ ប៉ុន្តែហុងគ្រី បានបង្ហាញជំហរជំទាស់ ដោយសំអាងថាកញ្ចប់ទណ្ឌកម្មថ្មីនេះ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួន៕