(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន កាលពីពេលថ្មីៗនេះបាននិយាយថាសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធា ដើម្បីការពារតៃវ៉ាន់ នៅក្នុងករណីមាន ការវាយប្រហារពីចិន ដែលនេះបាន និងកំពុងបង្កឱ្យមានការចោទសួរថាតើការសន្យារបស់លោក បៃដិន គឺជាការនិយាយដោយភ័ន្តច្រឡំ ឬក៏ជាគោលនយោបាយពិតប្រាកដថ្មីមួយរបស់សហរដ្ឋអាមេរិក? នៅក្នុងបរិបទដែលអាមេរិកបានបដិសេធប្រើកម្លាំងយោធាការពារអ៊ុយក្រែន តែបែរជាមកប្រកាសជាសាធារណៈពីការប្ដេជ្ញាចិត្តចំពោះកោះតៃវ៉ាន់ទៅវិញ។

នៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២៣ ខែឧសភានេះ លោក បៃដិន បានសន្យាថានឹងប្រើកម្លាំងយោធាការពារតៃវ៉ាន់ នៅពេលមានការវាយប្រហារណាមួយពីចិន ហើយលោកធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតប ទៅនឹងសំណួរអ្នកសារព័ត៌មានដែលបានទាញភ្ជាប់ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន និងតៃវ៉ាន់។ តាំងតែពីផ្ដើមទី ពោលគឺនៅមុន ពេលសង្រ្គាមផ្ទុះឡើង លោក បៃដិនបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធតតាំង ជាមួយកងទ័ពរុស្ស៉ីនោះទេ ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកទី៣ផ្ទុះឡើង បើទោះជាសហរដ្ឋអាមេរិកកំពុងផ្ដល់ជំនួយយោធា ដូចទឹកបាក់ទំនប់ ឱ្យទីក្រុងកៀវក៏ដោយ។

បើតាមលោក បៃដិន សង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីអាចនឹងផ្ទុះទៅជាសង្រ្គាមលោក។ តែចុះប្រសិនបើចិនប្រើកម្លាំងយោធាលើតៃវ៉ាន់ ថាតើអាមេរិក ខ្លួនឯង មិនខ្លាចសង្រ្គាមនុយក្លេអ៊ែរជាមួយចិនផ្ទុះឡើងទេឬ? ការសន្យាប្រើកម្លាំងយោធាការពារតៃវ៉ាន់បានបង្ហាញជំហរតឹងរ៉ឹងបំផុតរបស់អាមេរិក។ ពីព្រោះរាប់ទសវត្សរ៍មកនេះ ពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់ អាមេរិកបានប្រកាន់យកជំហរ មិនច្បាស់លាស់ ដោយ ចេតនា ទៅតាម យុទ្ធសាស្រ្ត ដែល គេហៅ ជាភាសា អង់គ្លេស ថា « Strategic ambiguity »។

នៅក្រោមយុទ្ធសាស្ត្រ មិនច្បាស់លាស់ ឬ Strategic ambiguity, សហរដ្ឋអាមេរិក មិនឱ្យចិនដឹងថាតើខ្លួននឹងចាត់វិធានការបែបណា នៅពេលសង្រ្គាម ផ្ទុះឡើងនោះទេ។ និយាយជារួម ម្យ៉ាងអាមេរិក មិនចង់ឱ្យចិនមើលឃើញថាអាមេរិកប្រាកដជាមិនចូលជួយតៃវ៉ាន់ ដើម្បីកុំឱ្យចិនបានចិត្តប្រើកម្លាំង យោធាលើតៃវ៉ាន់។ រីឯម្យ៉ាងទៀត គឺអាមេរិកខ្លួនឯងក៏មិនចង់ឱ្យតៃវ៉ាន់មើលឃើញថាអាមេរិកប្រាកដជានឹងចូលជួយតៃវ៉ាន់នោះដែរ ពីព្រោះវ៉ាស៊ីនតោន បារម្ភថារដ្ឋាភិបាលតៃវ៉ាន់ អាចនឹងបានចិត្តប្រកាសឯករាជ្យ នាំឱ្យសង្រ្គាមផ្ទុះឡើង។

ម្លោះហើយ ទើបការសន្យារបស់លោក ចូ បៃដិន ក្នុងទីក្រុងតូក្យូនាំឱ្យមានការចោទសួរឡើងថាតើ «យុទ្ធសាស្ត្រ មិនច្បាស់លាស់» ស្លាប់បាត់ហើយ មែនទេ? មែនទែនទៅ វាមិនមែនជាលើកទីមួយនោះទេដែលលោក ចូ បៃដិន បានសន្យាថានឹងប្រើកម្លាំងយោធាការពារតៃវ៉ាន់ ដោយនៅក្នុង កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ABC កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ ប្រធានាធិបតីអាមេរិករូបនេះធ្លាប់បានលើកឡើងថាសហរដ្ឋអាមេរិកមាន ការប្ដេជ្ញាចិត្តចំពោះការពារសម្ព័ន្ធមិត្ត NATO ពីការឈ្លានពាន នៅក្រោមមាត្រា ៥ ហើយការប្ដេជ្ញាចិត្តបែបនេះក៏នឹងត្រូវអនុវត្តផងដែរចំពោះជប៉ុន កូរ៉េខាងត្បូង ព្រមទាំងតៃវ៉ាន់។

ជាថ្មីម្ដងទៀត នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ថាតើសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ ពីការវាយប្រហាររបស់ចិន ដែរឬទេ? លោក បៃដិន បានឆ្លើយថា «Yes»។ រាល់ការសន្យារបស់លោក បៃដិន រួមទាំងការសន្យាលើកចុងក្រោយបំផុត ក្នុងទីក្រុងតូក្យូ សុទ្ធតែត្រូវបានក្រុមមន្ត្រីសេតវិមានចេញមុខមកបញ្ជាក់ភ្លាមៗថាអ្វីដែលលោក បៃដិន បានលើកឡើង មិនមែនមានន័យថាអាមេរិក ផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនចំពោះកោះតៃវ៉ាន់ នោះទេ។

ក៏ប៉ុន្តែ តើមនុស្សម្នាក់អាចនិយាយដោយភ័ន្តច្រឡំបែបនេះលើសពី ២ដង ដែរឬទេ? ជុំវិញយុទ្ធសាស្ត្រ មិនច្បាស់លាស់នេះដែរ អ្នកជំនាញមួយចំនួន យល់ថាយុទ្ធសាស្ត្រនេះបានស្លាប់បាត់ទៅហើយ ដោយសារតែសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ លោក បៃដិន បានបដិសេធមិនបញ្ជូនកងទ័ពទៅជួយ អ៊ុយក្រែន ដោយសារតែខ្លាចផ្ទុះសង្រ្គាមលោកលើកទី៣ជាមួយរុស្ស៉ី។ ម្លោះហើយ ការសន្យាប្រើកម្លាំងយោធាការពារតៃវ៉ាន់របស់លោក បៃដិន ត្រូវបានគេមើលឃើញថាលោកមានបំណងបញ្ជូនសារមួយទៅចិន នោះគឺ «កុំបានចិត្តឱ្យសោះ»។ បានន័យថាអាមេរិកមិនចង់ផ្ទុះសង្រ្គាមជាមួយរុស្ស៉ី មិនមែនមានន័យថាអាមេរិកខ្លាចនុយក្លេអ៊ែររបស់ចិនទេ ហើយនេះគឺជាការពិត ដ្បិតជោគវាសនារបស់សហរដ្ឋអាមេរិកមានពាក់ព័ន្ធនឹងជោគវាសនា របស់តៃវ៉ាន់។ ប្រសិនបើតៃវ៉ាន់ធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ចិន នោះសហរដ្ឋអាមេរិកនឹងគ្មានកន្លែងឈរជើងក្នុងតំបន់អាស៊ីទៀតទេ រីឯសម្ព័ន្ធមិត្តនឹងបាត់បង់ជំនឿចិត្តលើឆត្រនុយក្លេអ៊ែររបស់អាមេរិក ហើយពួកគេអាចនឹងផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ឬក៏អាចយល់ព្រម ស្រុះស្រួលជាមួយចិន។

គួរបញ្ជាក់ថា នៅក្នុងគោលនយោបាយការបទេសរបស់រដ្ឋបាល លោក ចូ បៃដិន សហរដ្ឋអាមេរិកបានចាត់ទុកថាចិនជាគូប្រជែងភូមិសាស្ត្រនយោបាយ ដ៏ធំបំផុតរបស់ខ្លួននៅក្នុងស.វទី២១នេះ ដែលអាចប្រជែងឥទ្ធិពលជាមួយអាមេរិកលើគ្រប់វិស័យរាប់ចាប់ពី យោធា, បច្ចេកវិទ្យា រហូតដល់សេដ្ឋកិច្ច។ ការប្រជែងជាមួយចិន មិនមែនដូចប្រជែងជាមួយរុស្ស៉ី ដែលខ្លាំងបានតែយោធានោះទេ។ សម្រាប់អ្នកជំនាញភាគច្រើន, ចិននឹងប្រឹងបន្តអភិវឌ្ឍ សមត្ថភាពយោធាទាំងនុយក្លេអ៊ែរ និងមិនមែននុយក្លេអ៊ែរ រហូតដល់អាចក្លាយជា «យោធាលំដាប់ពិភពលោក» នៅឆ្នាំ២០៥០ តាមគោលដៅកំណត់ ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ តែមុននឹងសម្រេចគោលដៅនេះ ចិននឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនឯងមានតួនាទីស្នួលនៅក្នុងសេដ្ឋកិច្ច ពិភពលោក ឬធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចពិភពលោកត្រូវពឹងផ្អែកលើចិនជាមុនសិន ដើម្បីកំញើញកុំឱ្យប្រទេសដទៃចូលរួមជាមួយអាមេរិកដាក់ទណ្ឌកម្ម សេដ្ឋកិច្ចណាមួយប្រឆាំងនឹងប៉េកាំង ដូចដែលលោកខាងលិចកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៉ីនោះទេ។

ធ្វើបែបនេះគឺចិនចង់ឱ្យគេគ្រប់គ្នាដឹងថាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិន «ប្រៀបដូចជាយកកាំបិតកាប់ជើងខ្លួនឯងដូច្នោះដែរ»។ ដូច្នេះទើបអាមេរិកបាន បង្កើតគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចថ្មីមួយ នោះគឺក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីជួយប្រទេសនៅក្នុងតំបន់កាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើ សេដ្ឋកិច្ចចិន។ គោលនយោបាយរបស់សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែប្រែប្រួលទៅតាមកាលៈទេសៈប្រែប្រួលសព្វថ្ងៃ ដើម្បីបញ្ជាក់ឱ្យចិនដឹងច្បាស់ថា អាមេរិកពិតជាប្ដេជ្ញាចិត្តប្រើកម្លាំងយោធាបង្រ្កាបការប្រើកម្លាំងយោធារបស់ចិនលើតៃវ៉ាន់។ កាន់តែសំខាន់ជាងនេះទៅទៀត សហរដ្ឋអាមេរិក និងតៃវ៉ាន់ ចាំបាច់ត្រូវសិក្សាពីសង្រ្គាមនៅអ៊ុយក្រែន ហើយអាមេរិកគួរតែពង្រឹងជាអាទិភាពនូវប្រព័ន្ធការពារដែនអាកាសរបស់តៃវ៉ាន់ តាមរយៈយន្ដហោះដ្រូន, មីស៊ីលប្រឆាំង យន្ដហោះចម្បាំង, រថក្រោះ, នាវាចម្បាំង និងគ្រាប់មីនដាក់នៅក្នុងទឹក ព្រមទាំងជួយពង្រឹងសមត្ថភាពសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជាពិសេស៕

ប្រភព៖ Council on Foreign Relations (ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២)