(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បានធ្វើការព្រមានដល់ប្រទេសលោកខាងលិចប្រឆាំងនឹងការផ្គត់ផ្គង់អ៊ុយក្រែន នូវអាវុធ ដែលមានសមត្ថភាពវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ដោយលើកឡើងថា ទង្វើបែបនេះនឹងក្លាយជាការបោះជំហានទៅរកការបង្កជម្លោះកាន់តែធ្ងន់ធ្ងរ មិនអាចទទួលយកបាន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

ការកត់សម្គាល់របស់លោក ឡារ៉ូវ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារព័ត៌មានរុស្ស៉ី Tass ស្របពេលដែលមានរបាយការណ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតរបស់ទីក្រុងកៀវ គ្រោងនឹងផ្តល់អាវុធទំនើបៗដល់អ៊ុយក្រែន ចំពោះមុខការបង្កើនការវាយប្រហារ របស់ទីក្រុងមូស្គូ នៅក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយក្រែន។

លោក ឡារ៉ូវ បានលើកឡើងតាមរយៈការស្រង់សម្ដីដោយសារព័ត៌មានរុស្ស៉ី Tass ថាលោកសង្ឃឹមថា មេដឹកនាំក្នុងប្រទេសលោកខាងលិចនឹងយល់ពី ហានិភ័យនៃគ្រោះថ្នាក់ ដែលអាចកើតចេញពីការបង្កើនឃ្លាំងអាវុធរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា មន្រ្តីការទូតអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាជាមួយ ទីក្រុងកៀវ អំពីហានិភ័យនៃគ្រោះថ្នាក់នៃការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៉ី ខណៈទីភ្នាក់ចារកម្មអាមេរិកបានព្រមានថាការប្រយុទ្ធគ្នារវាង រុស្ស៉ី-អ៊ុយក្រែន នឹងកាន់តែខ្លាំងឡើង៕