(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកគួរតែផ្តោតជាអាទិភាពលើមូលនិធិសន្តិសុខសម្រាប់សាលារៀន ទូទាំងប្រទេស ជាមុនសិន មុននឹងផ្តល់ជំនួយទៅឲ្យអ៊ុយក្រែន។ នេះបើយោងតាមកាចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

ការអត្ថាធិប្បាយខាងលើរបស់លោក ដូណាល់់ ត្រាំ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបាញ់ប្រហារក្នុងរដ្ឋតិចសាស់ សម្លាប់សិស្សចំនួន១៩នាក់ និងគ្រូបង្រៀន ២នាក់។ ក្នុងសន្និសីទរៀបចំឡើងដោយក្រុមអ្នកគាំទ្រការប្រើប្រាស់កាំភ្លើង នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ សហរដ្ឋអាមេរិក អាចបញ្ជូនជំនួយរាប់ពាន់លានដុល្លារ ទៅឲ្យអ៊ុយក្រែនបាន នោះយើងគួរតែអាចធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យក្មេងៗមានសុវត្ថិភាព»។

លោក ត្រាំបានបន្ថែមថា «យើងបានចំណាយថវិការាប់ពាន់លាន សម្រាប់អ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ដោយគ្មានបញ្ហាអ្វីនោះទេ។ ប៉ុន្តែមុននឹងយើងកសាងប្រទេស ដទៃទៀតលើពិភពលោក នោះយើងគួរតែកសាងសាលារៀនដែលមានសុវត្ថិភាព សម្រាប់កូនៗ របស់យើងជាមុនសិន»។ តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ខ្លួនឯងបានបដិសេធអំពាវនាវឱ្យមានការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើង ដោយសង្កត់ធ្ងន់ថាជនជាតិអាមេរិកគួរតែត្រូវបានអនុញ្ញាតឱ្យមានកាំភ្លើងដើម្បីការពារខ្លួន ពីអំពើអាក្រក់។

គួរបញ្ជាក់ថា សន្និសីទប្រចាំឆ្នាំរបស់សមាគមកាំភ្លើងជាតិ (NRA ) ដែលលោក ត្រាំ ត្រូវបានអញ្ជើញឱ្យចូលរួមដែរ នោះ បានរៀបចំឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងទីក្រុងហ៊ូស្តុន (Houston) ចម្ងាយ៤៥០ គីឡូម៉ែត្រ ពីទីតាំងនៃការបាញ់ប្រហារនៅសាលារៀនដ៏អាក្រក់បំផុត របស់សហរដ្ឋអាមេរិករយៈពេលមួយទសវត្សរ៍ មកនេះក្នុងទីក្រុង អ៊ូវ៉ាល់ដ៍ (Uvalde) នៃរដ្ឋតិចសាស់ និងមានការចូលរួមពីសមាជិកចំនួន ៥លាននាក់។ បាតុកររាប់រយនាក់ ក៏បានប្រមូលផ្តុំគ្នា នៅខាងក្រៅទីលាន ដើម្បីប្រឆាំងនឹងសមាគមនេះដោយលើកឡើងថា ការអនុញ្ញាតឲ្យមានការប្រើប្រាស់កាំភ្លើង គឺជាដើមហេតុនៃសម្លាប់កុមារទាំងនោះ៕