(ហ៊្សូរីគ)៖ អធិការបតីអូទ្រីស លោក ខាល ណេហេមម៉ឺ (Karl Nehammer) បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់រូបលោកកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ទីក្រុងមូស្គូនឹងបំពេញតាមកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសអូទ្រីស និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

លោក Nehammer បានធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានជជែកគ្នាតាមទូរស័ព្ទជាមួយលោក ពូទីន រយៈពេល ៤៥នាទីថា នេះជាឱកាសមួយ ដើម្បីប្រឈមមុខនឹងលោក ពូទីន ជាមួយនឹងការពិតនៃសង្រ្គាមនៅប្រទេសអ៊ុយក្រែន និងពិភាក្សាអំពីដំណោះស្រាយ មនុស្សធម៌។ លោក Nehammer បានបន្ថែមថាមេដឹកនាំរុស្ស៉ីក៏បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការដោះដូរអ្នកទោស ជាមួយប្រទេសអ៊ុយក្រែនផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ វិមានក្រឹមឡាំង បាននិយាយថារុស្ស៉ី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិដល់ប្រទេសអូទ្រីស ដែលទទួលបាន ៨០ភាគរយនៃឧស្ម័នរបស់ខ្លួន៕