(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការបញ្ជូនប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអ៊ុយក្រែនហើយ។ ប៉ុន្តែរុស្ស៉ី ព្រមានថាការធ្វើបែបនេះជាការឆ្លងបន្ទាត់ក្រហមរបស់ទីក្រុងមូស្គូ។

២៖ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានរឹបអូសកប៉ាល់ដឹកប្រេងរបស់ប្រទេសក្រិក ចំនួនពីរគ្រឿងនៅឯឈូងសមុទ្រពែក្ស តែប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុងអាថែន (Athens) អះអាងថានឹងប្រគល់ប្រេងរបស់អ៉ីរ៉ង់ដែលខ្លួនរឹបអូសបានពីកប៉ាល់ដឹកប្រេងរុស្ស៊ីមួយគ្រឿង ទៅឱ្យទីក្រុងវ៉ាស៊ីនតោន។

៣៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថារុស្ស៉ីបានធ្វើតេស្ដបាញ់ដោយជោគជ័យនូវមីស៊ីលគ្រូសល្បឿនលឿនជាង សំឡេង ហ្សៀកុន (Zircon) នៅក្នុងរយៈចម្ងាយ ១,០០០គីឡូម៉ែត្រ ដែលនេះគឺជាការសម្ញែងសាច់ដុំមួយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនកំពុងត្រៀមបញ្ជូនអាវុធទំនើបៗបន្ថែមឱ្យអ៊ុយក្រែន។

៤៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ បានរិះគន់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដោយនិយាយថា គំនិតផ្ដួចផ្ដើមមួយនេះមានគោលបំណងធ្វើឱ្យចិនឯកោ ហើយវានឹងមិនផ្ដល់ផលចំណេញដល់កំណើនសេដ្ឋកិច្ចនៅ ក្នុងតំបន់ដោយគ្មានទីក្រុងប៉េកាំង នោះទេ។

៥៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ចេញនូវទណ្ឌកម្ម លើធនាគាររុស្ស៉ីចំនួន២ រួមទាំងក្រុមហ៊ុនកូរ៉េខាងជើង និងបុគ្គលម្នាក់ដែលអាមេរិកចោទថាបានគាំទ្រកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើង ដើម្បីបង្កើនសំពាធលើទីក្រងព្យុងយ៉ាងជុំវិញការធ្វើតេស្ដ មីស៊ីលផ្លោងនាពេលថ្មីៗនេះ។
https://live-production.wcms.abc-cdn.net.au/97f84e1970f1fd0d36f3f5597871d04e?impolicy=wcms_crop_resize&cropH=576&cropW=1023&xPos=0&yPos=0&width=862&height=485

៦៖ អ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ខ្លួនប្រហែលជានឹងត្រូវដកថយចេញពីមូលដ្ឋានតស៊ូចុងក្រោយ នៅក្នុងតំបន់លូហាន (Luhansk) ដើម្បីចៀសវាងក្លាយជាឈ្លើយសឹក ខណៈកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកកាន់តែរុលទៅមុខ នៅក្នុងតំបន់ដុនបាស់៕