(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៉ី (Anthony Fauci) បានធ្វើតេស្តវិជ្ជមានចំពោះ ជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្ដាហ៍នេះពីវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង (NIAID), លោក Fauci ដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៤ដូសរួចរាល់ហើយនោះមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍ខាងលើ បានគូសបញ្ជាក់ថា លោក Fauci នឹងធ្វើចត្តាឡីស័ក ហើយបន្តធ្វើការពីផ្ទះ ខណៈពេលថ្មីៗនេះ លោកមិនបានទាក់ទង ជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឬមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀតនោះទេ»។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា លោក Fauci នឹងធ្វើតាមការណែនាំរបស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ និង «ការណែនាំពីគ្រូពេទ្យ របស់លោក ហើយនឹងត្រលប់ទៅវិទ្យាស្ថានជាតិសុខាភិបាលវិញ នៅពេលដែលលោកធ្វើតេស្តអវិជ្ជមាន»

គួរបញ្ជាក់ថា ជនជាតិអាមេរិកជិត ៨៦លាននាក់បានឆ្លងជំងឺ COVID-19 ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ។ បើតាមទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins, មនុស្សជាង ១លាននាក់នៅសហរដ្ឋអាមេរិកបានស្លាប់ដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ៕