(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា អ៊ុយក្រែននឹងបន្តប្រយុទ្ធជាមួយរុស្ស៉ី បើទោះបីជាខ្លួនគ្មានសព្វាវុធអ្វីក៏ដោយ ដូច្នេះលោកខាងលិច គួរតែពន្លឿនការដឹកជញ្ជូនអាវុធរបស់ខ្លួន មកកាន់ទីក្រុងកៀវ បើមិនចង់ទទួលខុសត្រូវ ចំពោះការស្លាប់ទាហានរបស់យើង។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ARD លោក គូឡេបា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើយើងមិនមានអាវុធទេ, តទៅយើងនឹងប្រយុទ្ធដោយប្រើប៉ែល, យើងត្រូវបន្តការពារខ្លួន ព្រោះនេះជាសង្រ្គាមដើម្បីការពារអធិបតេយ្យភាពរបស់យើង»។ លោក គូឡេបា បានបន្ថែមថា «នៅពេលដែលយើងទទួលបានអាវុធកាន់តែឆាប់ នោះវាជារឿងកាន់តែល្អសម្រាប់ពួកយើង។ ទោះអ្នកផ្តល់ជំនួយបញ្ជូនមកយឺតក៏ដោយ ពួកយើងនៅតែអរគុណ ប៉ុន្តែវានឹងខាតបង់ច្រើន ហើយមនុស្សជាច្រើននាក់នឹងស្លាប់ នៅត្រឹមពេលនោះ»។

គួរបញ្ជាក់ថា ទីក្រុងកៀវ បានទទូចឲ្យលោកខាងលិចផ្តល់កាំភ្លើងធំ, រថក្រោះ និងយន្តហោះចម្បាំង ប៉ុន្តែខ្លួនទើបទទួលបាន ជំនួយមួយផ្នែកតូចនៃការសន្យាប៉ុណ្ណោះ ខណៈដែលក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មានការព្រួយបារម្ភថា ការចែកចាយសព្វាវុធកាន់តែច្រើនដល់អ៊ុយក្រែន អាចធ្វើឲ្យទីក្រុងមូស្គូចាត់ទុកពួកខ្លួនថាជាផ្នែកនៃជម្លោះ៕