(ប៉េកាំង)៖ ថ្ងៃទី១៩ ខែមិថុនា គឺជាទិវាឳពុក ដូច្នេះវិទ្យុមិត្តភាពកម្ពុជាចិន សូមផ្តល់ជូនរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ រវាងកូនប្រុសនិងឱពុក -- លោក Xi Jinping ប្រធានរដ្ឋចិន និងឱពុករបស់លោកគឺលោក Xi Zhongxun។

ក្នុងការិយាល័យរបស់លោក Xi Jinping បានដាក់រូបថតក្រុមគ្រួសារប៉ុន្មានសន្លឹក ដែលថតនៅសម័យកាលខុសៗគ្នា។ ក្នុងនោះមានមួយសន្លឹកគឺលោក Xi Jinping រុញលោកឳពុកអាយុចាស់ ដើរលំហែកាយជាមួយប្រព័ន្ធនិងកូនស្រី។

ទាំងជីវភាពរស់នៅ ទាំងការធ្វើការងារ លោក Xi Jinping បានរងឥទ្ធិពលយ៉ាងជ្រាលជ្រៅពីលោកឳពុក Xi Zhongxun ដែលបានឆ្លុះបញ្ចាំងតាមរយៈសំបុត្រដែលលោក Xi Jinping បានផ្ញើជូនឱ្យលោកឳពុក។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០០១ គឺជាខួបកំណើត ៨៨ ឆ្នាំរបស់លោក Xi Zhongxun។ សម្រាប់ជនជាតិចិន ថ្ងៃខួបកំណើត ៨៨ ឆ្នាំ ជាទិវាសំខាន់ក្រៃលែង។ ថ្ងៃនោះ សមាជិកក្រុមគ្រួសារត្រកូល Xi ទាំងអស់ ទាំងចាស់ក្មេង សុទ្ធតែត្រឡប់ទៅផ្ទះវិញ ដើម្បីរួមអបអរខួបកំណើតរបស់លោក Xi Zhongxun ប៉ុន្តែ មានតែលោក Xi Jinping ដែលកាលនោះជាអភិបាលខេត្ត Fujian បានអវត្តមាន ព្រោះជាប់រវល់នឹងការងារ។ លោក Xi Jinping បានផ្ញើសំបុត្រមួយទៅឱ្យលោកឳពុក ដើម្បីសុំអធ្យាស្រ័យនិងជូនពរខួបកំណើត។

ក្នុងសំបុត្រនោះ លោក Xi Jinping បានរៀបរាប់ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងយូរលង់មកហើយចំពោះលោកឳពុក ថែមទាំងបានលើកឡើងថា «កូនបានបន្តវេននិងក្រេបយកចរិយាដ៏ថ្លៃថ្នូរជាច្រើនពីលោកពុក»។ លោកបានសរសេរថា៖ «លោកពុកបានជះឥទ្ធិពលដល់ អ្នកដែលនៅក្បែរដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យ លោកពុកហាក់ដូច «ក្របីចាស់» អ៊ីចឹង បានបម្រើការងារដោយស្ងាត់ស្ងៀមដើម្បីប្រជាជនចិន។ នេះបានលើកទឹកចិត្តដល់ខ្ញុំអោយលះបង់ កម្លាំងកាយចិត្តទាំងអស់ ដើម្បីបុព្វហេតុបម្រើប្រជាជន ក្នុងន័យតបស្នងសងគុណប្រទេសជាតិ និងបងប្អូនពុកម៉ែដែលបានចញ្ចឹម បីបាច់ខ្ញុំ។»

លោក Xi Zhongxun គឺជា «មេដឹកនាំមហាជនដែលចេញពីមហាជន»។ លោកតែងតែថ្លែងថា លោកជាកូនរបស់កសិករ ហើយតែងតែចាត់ទុកខ្លួនឯងថា ជាសមាជិករបស់អ្នកធ្វើការជាកិច្ច។ នៅឆ្នាំ ១៩៤៣ ពេលលោក Xi Zhongxun ទើបចូលកាន់មុខតំណែងជា លេខាគណៈកម្មាធិការបក្សប្រចាំនៅស្រុក Suide ខេត្ត Shaanxi ដែលស្ថិតនៅភាគពាយ័ព្យប្រទេសចិន លោកក៏បានដាក់ចេញនូវតម្រូវការ «បម្រើមហាជនចំនួន ៥២ ម៉ឺននាក់» ហើយបានសន្យាថា ខ្លួនលោកនិងបុគ្គលិកផ្សេងទៀត ធ្វើការជាមុនសិន។ ដូច្នេះ លោកបានសំណូមពរឱ្យកម្មាភិបាលគ្រប់ជាន់ថ្នាក់ ចុះជ្រៅក្នុងទីជនបទ គិតគូរដល់មហាជននិងធ្វើកិច្ចការជាក់ស្តែង។

ក្រោមឥទិ្ធពលរបស់ឪពុកលោក Xi Jinping តែងតែប្រកាន់ខ្ជាប់នូវគំនិតនិងឥរិយាបថ «ចូលទៅក្នុងមហាជន» និង «បម្រើប្រជាជន»។ ពេលបម្រើការងារនៅស្រុក Zhengding ខេត្ត Hebei ដែលស្ថិតនៅភាគខាងជើងប្រទេសចិន លោកបានចុះត្រួតពិនិត្យការងារនៅភូមិទាំងអស់; នៅក្រុង Ningde ខេត្ត Fujian ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន លោកបានចុះត្រួតពិនិត្យការងារនៅស្រុកចំនួន ៩ បន្ទាប់ពីលោកបានឡើងកាន់មុខតំណែងរយៈពេល ៣ ខែ បន្ទាប់មកលោកបានធ្វើដំណើរទៅកាន់ឃុំនិងភូមិភាគច្រើននៃខេត្ត Fujian; បន្ទាប់ពីចូលកាន់តំណែងនៅខេត្ត Zhejiang ដែលស្ថិតនៅភាគខាងកើតប្រទេសចិន លោកបានចំណាយពេលជាង ១ ឆ្នាំធ្វើដំណើរទៅកាន់ក្រុងនិងស្រុកចំនួន ៩០នៃខេត្តទាំងមូល។

ចាប់តាំងពីឆ្នាំ ២០១២មក ក្នុងនាមជាមេដឹកនាំកំពូលនៃបក្សនិងរដ្ឋចិន លោក Xi Jinping នៅតែចងចាំ នូវដំបូន្មានរបស់ឪពុកខ្លួន ដែលថា “Jinping មិនថាអ្នកជាមន្ត្រីធំប៉ុណ្ណាក៏ដោយ កុំភ្លេចបម្រើប្រជាជនដោយឧស្សាហ៍ព្យាយាមនិងស្មោះត្រង់ ត្រូវគិតគូរពីផលប្រយោជន៍របស់ប្រជាជនយ៉ាងប្រាកដប្រជា ត្រូវទង់នាក់ទំនងជាមួយមហាជន។ នេះជាដំបូន្មានរបស់ឪពុក ក៏ជាបំណងដើមដែលលោក Xi Jinping តែងតែអនុវត្តជានិច្ច។ រាល់ពេលដែលលោកចុះត្រួតពិនិត្យ ការងារកាត់បន្ថយភាពក្រីក្រ លោក Xi Jinping បានដើរចូលក្នុងផ្ទះរបស់មហជនក្រីក្រ។ ពេលខ្លះ លោកអង្គុយគងជើងលើគ្រែឥដ្ឋចាប់ដៃអ្នកភូមិ និងសួរយ៉ាងលម្អិតថា តើមានប្រាក់ចំណូលប៉ុន្មានក្នុងមួយឆ្នាំ តើមាន អាហារគ្រប់គ្រាន់ដែរឬទេ? តើមានភួយរដូវរងាគ្រប់គ្រាន់ទេ? ពេលខ្លះ លោកបើក ពូកដើម្បីពិនិត្យមើលថាការធ្វើគ្រែបានល្អឬអត់ ហើយសួរថាតើដំបូលប្រក់ដោយលីណូលូមឬអត់ វាធ្លាយភ្លៀងឬអត់។

«លោកឪពុកសន្សំសំចៃជាខ្លាំង។ ភាពតឹងរ៉ឹងនៃការបង្រៀនក្នុងគ្រួសារក៏ត្រូវបានគេស្គាល់ផងដែរ។ យើងក៏មានទម្លាប់សំចៃ និងឧស្សាហ៍ព្យាយាមក្រោមការអប់រំបែបនេះ របស់ឳពុកតាំងពីក្មេង។ នេះគឺជាឥរិយាបថគ្រួសាររបស់គំរូ Bolshevik ចាស់និងសមាជិកកុម្មុយនិស្ត។ ឥរិយាបឋគ្រួសារដ៏ល្អបែបនេះ គួរតែត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។» លោក Xi Jinping បានសរសេរដូចខាងលើក្នុងសំបុត្រផ្ញើជូនឳពុក។

លោក Xi Zhongxun តែងតែបង្រៀនកូនឱ្យចេះសន្សំសំចៃ ស្បៀងអាហារ។ លោកស្រី Qiaoqiao បងស្រីរបស់លោក Xi Jinping បានរំលឹកថា ពេលហូបបាយ ឪពុកតែងតែរើសគ្រាប់អង្ករនិងកម្ទេចនំ ដែលពួកគេធ្លាក់លើតុដើម្បីញ៉ាំ ហើយចុងក្រោយក៏ជ្រលក់ស៊ុប ក្នុងចានជាមួយនំផងដែរ។

ក្រោមឥទ្ធិពលបែបនេះ លោក Xi Jinping ដែលឆ្លងកាត់សម័យកាល «ញ៉ាំមិនគ្រប់គ្រាន់និងអត់ឃ្លាន» បានបន្តវេនគុណភាពសន្សំសំចៃបស់ឪពុក។ ពេលធ្វើការងារនៅស្រុក Zhengding ខេត្ត Hebei ពូកដែលមានបំណះជាច្រើនជា «ដៃគូ» មិនអាចបោះបង់របស់លោក Xi Jinping។ ពេលធ្វើការងារនៅក្រុង Xiamen លោកតែងតែដើរឬជិះកង់ទៅចូលធ្វើការ និងចេញពីការងារជារៀងរាល់ថ្ងៃ។ ចាប់ពីកាន់មុខតំណែងជាអ្នកដឹកនាំកំពូលរបស់ប្រទេសចិនមក លោក Xi Jinping បានធ្វើជាគំរូដ៏ល្អក្នុងពេលចុះត្រួតពិនិត្យការងារ នៅកន្លែងនានាដោយឥរិយាបថសន្សំសំចៃ។

ក្នុងកែវភ្នែករបស់លោក Xi Jinping «គ្រួសារជាថ្នាក់មេរៀនទី១ក្នុងឆាកជីវិត ឳពុកនិងម្តាយជាគ្រូបង្រៀនលើកទី១របស់កូន។» ចំនៅក្នុងថ្នាក់មេរៀននេះ លោកXi Jinping បានទទួលការអប់រំនិងគុណសម្បត្តិដ៏មានតម្លៃពី ឳពុកម្តាយដែលនឹងផ្តល់ផលប្រយោជន៍ ដល់លោកពេញមួយជីវិត ហើយក្លាយទៅជាគំនិតនិងអារម្មណ៍ទូលំទូលាយ គឺ «ខ្ញុំនឹងមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីកុំឱ្យប្រជាជនអស់សង្ឃឹម»

វិទ្យុមិត្តភាពកម្ពុជាចិន