(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសគុយបាតំណាងឱ្យប្រទេសជិត៧០ ថ្លែងសុន្ទរកថារួមដើម្បីប្រឆាំង ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។ ក្រៅពីនេះក៏មានប្រទេសជាង ២០ បានថ្លែងសុន្ទរកថាតាមទម្រង់ទោល ដើម្បីគាំទ្រប្រទេសចិនផងដែរ។

គួររំលឹកថា ទិដ្ឋភាពនេះបានលេចចេញជាច្រើនលើក ក្នុងកាលៈទេសៈអន្តរជាតិ ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សជាដើម។ ប្រទេសជិត ១០០ បានបង្ហាញពីមតិត្រឹមត្រូវក្នុងន័យសម្តែងការយោគយល់ និងគាំទ្រចំពោះគោលជំហររបស់ប្រទេសចិន តាមរយៈវិធីខុសៗគ្នា ដែលបានបញ្ជាក់ថា សហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ មានការវិនិច្ឆ័យយ៉ាងច្បាស់លាស់ថា តើសិទ្ធិមនុស្សរបស់ចិនល្អឬមិនល្អ ក៏ដូចជាបានមើលឃើញច្បាស់នូវពុតត្បុតនិង «ស្តង់ដារពីរ» របស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ក្នុងបញ្ហាសិទ្ធិមនុស្ស ហើយបានប្រឆាំងយ៉ាងដាច់ខាត នូវការប្រើបញ្ហាសិទ្ធិមនុស្សធ្វើជា ឧបករណ៍នយោបាយសម្រាប់គាបសង្កត់គូប្រជែង។ សំឡេងយុត្តិធម៌ដែលបានលាន់ឮខ្ទរខ្ទារ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សទាំងនេះ ជាការតបតវិញយ៉ាងខ្លាំងក្លាចំពោះ «ការស្វែងរកអនុត្តរភាពដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស» របស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងបរិបទដែលសហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនជា «គូប្រជែងជាយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ខ្លួន» បញ្ហាគន្លឹះជាច្រើន ដូចជាបញ្ហាស៊ីនជាំង ហុងកុង ស៊ីនចាំងនិងតៃវ៉ាន់ជាដើមបានក្លាយជា សន្លឹកបៀដែលអ្នកនយោបាយអាមេរិកនិងលោកខាងលិច ប្រើប្រាស់ជាញឹកញាប់ដើម្បីទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន។ សូមយកបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំងជាឧទាហរណ៍ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានបង្កបង្កើតជា «ខ្សែសង្វាក់ឧស្សាហកម្មក្លែងបន្លំ» ដ៏ពេញលេញមួយ។

យ៉ាងណាមិញ ពាក្យភូតកុហកទោះជានិយាយ ១ពាន់ដងក៏ដោយ ក៏វានៅតែជាពាក្យភូតកុហកដែរ។ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិរាល់លើក គោលនយោបាយអភិបាលកិច្ចភូមិភាគស៊ីនជាំង របស់ប្រទេសចិន ទទួលបានការយោគយល់និងគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ដែលបូករួមទាំងប្រទេសអ៊ីស្លាមផងដែរ នេះជាភស្តុតាងយ៉ាងច្បាស់លាស់។ ប្រសិនបើមិនបានមើលឃើញច្បាស់ថា ធាតុពិតនៃបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំង គឺជាបញ្ហាប្រឆាំងភេរវកម្មនិងបញ្ហាប្រឆាំងអបគមន៍និយម ហើយក៏គ្មានអ្វីដែលហៅថា «ការធ្វើទុក្ខបុកម្នេញ» ទៅលើជនជាតិមូស្លឹមទាល់តែសោះ ម៉េចប្រទេសអ៊ីស្លាមទាំងនេះបានបង្ហាញពី មតិដ៏ត្រឹមត្រូវក្នុងន័យផ្តល់ការគាំទ្រដល់ ប្រទេសចិនប៉ុណ្ណឹង?

ពីមួយឆ្នាំទៅមួយឆ្នាំ «កលល្បិចសិទ្ធិមនុស្ស» របស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូច ដែលបានលេងជាញឹកញាប់ក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលបរាជ័យម្តងហើយម្តងទៀត ប្រការទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា សច្ចធម៌គឺស្ថិតក្នុងដួងចិត្តរបស់មនុស្សទូទៅ។ ដោយឡែក ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករមិនសូវខ្វល់នឹង ការសម្តែងរបស់អ្នកនយោបាយអាមេរិក និងលោកខាងលិចបែបនេះទេ វាមិនត្រឹមតែដោយមកពីពួកគេគោរពការពិត និងភាពត្រឹមត្រូវទាំងស្រុងនៃបញ្ហានេះប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារពួកគេ មានចំណាប់អារម្មណ៍ដូចគ្នាថា សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បាននិងកំពុងគាបសង្កត់ប្រទេសដទៃទៀត ក្រោមលេសសិទ្ធិមនុស្ស។ លើសពីនេះទៅទៀត ពួកគេក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងពី ទង្វើបែបនេះដែលបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍រួមរបស់ ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករផងដែរ។

កាលពីខែមេសា ឆ្នាំនេះ លោក Pedro Luis Pedroso ឯកអគ្គរដ្ឋទូតគុយបាប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានសួរត្រង់ៗថា «មិនដឹងថា នៅថ្ងៃណាមួយ តើមហាសន្និបាតអង្គការសហប្រជាជាតិនឹងអនុម័ត លើសេចក្តីសម្រេចចិត្តមួយ ដើម្បីផ្អាកជាបណ្តោអាសន្ននូវលក្ខណសម្បតិ្ត ជារដ្ឋសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកទេ»? តាមពិតទៅ នេះក៏ជាសំឡេងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករដែរ។ ខណៈពេលដែលសហរដ្ឋអាមេរិក វាយប្រហារលើបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសដទៃ សហគមន៍អន្តរជាតិគួរផ្តល់កញ្ចក់ធំបំផុតមួយ ដល់អាមេរិកសម្រាប់ពិចារណាពីកំហុសរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន