(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងមិនដាក់សម្ពាធលើអ៊ុយក្រែនឱ្យត្រឡប់ទៅរកតុចរចាស្វែងរកសន្តិភាព ឬបទឈប់បាញ់បញ្ចប់សង្រ្គាមជាមួយរុស្ស៉ីនោះទេ បើទោះជា ទាហានរុស្ស៉ីកំពុងវាយដណ្ដើមកាន់កាប់ទឹកដីកាន់តែច្រើន នៅក្នុងសមរភូមិតំបន់ដុនបាស់ នៃភាគខាងកើតប្រទេសអ៊ុយក្រែនក៏ដោយ។ នេះជាការលើកឡើងរបស់មន្រ្តី ជាន់ខ្ពស់ម្នាក់នៃមន្ទីរបញ្ចកោណ នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា កន្លងទៅនេះ។

ការកត់សម្គាល់បែបនេះរបស់អនុរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយ លោក ខូលីន ខាល់ (Colin H. Kahl) ធ្វើឡើងនៅឯសន្និសីទមួយ ក្នុងទីក្រុងវ៉ាស៊ីនតោន រៀបចំឡើងដោយ Center for a New American Security។ ថ្លែងនាឱកាសនោះ លោក Kahl បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនប្រាប់អ៊ុយក្រែន ថាតើពួកគេត្រូវចរចាយ៉ាងដូចមេ្ដច ត្រូវចរចាពីអ្វី ឬត្រូវចរចានៅពេលណានោះទេ ហើយពួកគេគឺជាអ្នកកំណត់លក្ខខណ្ឌដោយខ្លួនឯង»។

ការលើកឡើងរបស់លោក ខាល់ កើតមានឡើង ខណៈលោក ហ្សេលេនស្គីបានទទួលស្គាល់ថាទាហានអ៊ុយក្រែន បាន និងកំពុងទទួលរងការខាតបង់ធ្ងន់ធ្ងរ រីឯរុស្ស៉ីកាន់តែ វាយរុលទៅមុខសន្សឹមៗ ឆ្ពោះទៅរកការគ្រប់គ្រងទីក្រុង ស៊ីវីយេរ៉ូដូណេត (Sievierodonetsk) ដែលលោក ហ្សេលេនស្គី ផ្ទាល់ចាត់ទុកថាជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ អាចកំណត់អ្នកឈ្នះ ឬអ្នកចាញ់ ក្នុងសមរភូមិសង្រ្គាមដុនបាស់។ បើតាមក្រុមមន្ត្រីអ៊ុយក្រែន ទាហានរុស្ស៉ី និងកងកម្លាំងផ្ដាច់ទឹកដីគាំទ្រដោយរុស្ស៉ី កំពុងគ្រប់គ្រងទឹកដី ៨០ ទៅ៩០ភាគរយនៃតំបន់ដុនបាស់ ដែលនេះនឹងកាន់តែផ្ដល់ទម្ងន់ឱ្យវិមានក្រឹមឡាំង ក្នុងកិច្ចចរចាណាមួយនៅពេលអនាគត។ ដូច្នេះបច្ចុប្បន្ន មិនមែនជាពេលដែលអាមេរិកត្រូវ ជំរុញឱ្យអ៊ុយក្រែនអង្គុយចរចាជាមួយរុស្ស៉ីនោះទេ ព្រោះវាមានតែបង្ខំឱ្យអ៊ុយក្រែនត្រូវផ្ដល់សម្បទានតាមដែលរុស្ស៉ីចង់បាន។ ពោលគឺដូចដែលក្រុមមន្ត្រីអាមេរិកធ្លាប់លើកឡើង កន្លងមកថា វ៉ាស៊ីនតោនត្រូវតែជួយពង្រឹងគោលជំហររបស់អ៊ុយក្រែន តាមរយៈការជួយឱ្យទីក្រុងកៀវ ប្រយុទ្ធតស៊ូជាមួយទាហានរុស្ស៉ី រហូតដល់ដំណាក់កាលមួយដែលអាច ធ្វើឱ្យមូស្គូយល់ថាសង្រ្គាមគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់។

ជាការពិតណាស់ ចាប់តាំងពីបានជួបចរចាគ្នាលើកចុងក្រោយបំផុត ក្នុងប្រទេសតួកគីកាលពីខែមីនាមក គេមិនបានឮដំណឹងអ្វីពីកិច្ចចរចាទៀតនោះទេ ហើយអាមេរិក​ក៏មិនបាន ជំរុញឱ្យអ៊ុយក្រែន ចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ីនោះដែរ។ នៅក្រោមរដ្ឋបាលដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិកបានចាត់ទុកចិន​ជាគូសត្រូវ ភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៅក្នុងស.វទី២១នេះ និងជាបញ្ហាប្រឈមរយៈពេលវែងរបស់អាមេរិក។ បើតាមអ្នកជំនាញវិទ្យាសាស្ត្រនយោបាយដូចជាលោក ចន មៀសៃមឺ (John Mearsheimer) សហរដ្ឋអាមេរិកគួរណាស់តែស្វែងរកមធ្យោបាយ​ជំរុញឱ្យមានកិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាមឱ្យ​បានលឿនតាមដែលអាច​ធ្វើទៅ​បាន ដើម្បីបង្វែរ ធនធាន និងការផ្ដោតទាំងឡាយមកលើចិន។

ប៉ុន្តែ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកបែរជាលូកដៃយ៉ាងជ្រៅទៅក្នុងជម្លោះដ៏ធំមួយជាមួយរុស្ស៉ីក្នុងតំបន់អឺរ៉ុបខាងកើត តាមរយៈការផ្ដល់អាវុធយ៉ាងសម្បើមអស្ចារ្យដល់​អ៊ុយក្រែន ហើយបើសង្រ្គាមរីកកាន់តែធំជាងនេះ រហូតដល់បង្ខំឱ្យត្រូវបង្កើនចំនួនកងទ័ពក្នុងតំបន់អឺរ៉ុប នោះវានឹងកាន់តែបង្កភាពស្មុគស្មាញដូចគ្នាដល់​អាមេរិកក្នុងការ​ខ្ទប់ឥទ្ធិពលចិន នៅក្នុងតំបន់អាស៊ីខាងកើត។ លោក ចន មៀសៃមឺ (John Mearsheimer) បាននិយាយថាទាំងសហរដ្ឋអាមេរិក និងរុស្ស៉ី មានការប្ដេជ្ញាចិត្តកាន់​តែខ្លាំង​ដូចគ្នា និងបានដើរមក ដល់ចំណុចមួយដែលមិនអាចបកក្រោយវិញបាន។ រុស្ស៉ីបានប្ដេជ្ញាចិត្តមិនអាចចាញ់នៅអ៊ុយក្រែន រីឯសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជួយ​ឱ្យអ៊ុយក្រែន​ឈ្នះសង្រ្គាម ឬនិយាយឱ្យ ងាយស្ដាប់ ពួកគេសុទ្ធតែមិនអាចចាញ់ដូចគ្នា។ ម្លោះហើយ វាទំនងជានឹងមិនមានកិច្ចចរចា ឬបទឈប់បាញ់បញ្ចប់សង្រ្គាម​ក្នុងពេល​អនាគតដ៏ខ្លីខាងមុខនេះទេ ដោយអាមេរិក មានតែប្រឹងបញ្ជូនអាវុធ និងធ្វើអ្វីៗគ្រប់យ៉ាងតាមដែល​អាចធ្វើទៅបានដើម្បី​ជួយអ៊ុយក្រែន។

លោក ចន មៀសៃមឺ បានសង្កត់ធ្ងន់ទៀតថាតាមរយៈការផ្ដល់អាវុធឱ្យអ៊ុយក្រែន ជាក់ស្ដែង អាមេរិកបានប្រកាសសង្រ្គាមប្រឆាំងរុស្ស៉ីរួចបាត់ទៅហើយ តែប្រជាជន​អ៊ុយក្រែន ទៅវិញទេ ដែលកំពុងប្រយុទ្ធជាមួយរុស្ស៉ីជំនួសអាមេរិក ដែលជាទូទៅគេហៅថា «សង្រ្គាមប្រូកស៊ី»។ ដោយឡែក តាមរយៈការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បីវាយបំបាក់សេដ្ឋកិច្ច រុស្ស៉ី អ្នកវិទ្យាសាស្រ្តនយោបាយរូបនេះយល់ថាសហរដ្ឋអាមេរិកមានបំណង​ទាញទម្លាក់រុស្ស៉ីចេញពីសង្វៀងកំពូលមហាអំណាច។ ប៉ុន្តែ រឿងបែបនេះ រុស្ស៉ីមុខជានឹងមិន អនុញ្ញាតឱ្យវាកើតឡើងឡើយ ស្របពេលរុស្ស៉ីនៅតែជាមហាយក្សនុយក្លេអ៊ែរ ដែលមានក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់។ ក្នុងន័យនេះ លោកពន្យល់ថាគំនិតដែលចង់ ទាញទម្លាក់កំពូលមហាអំណាចមួយចេញពីសង្វៀងកំពូលមហាអំណាច គឺជារឿងដ៏គ្រោះថ្នាក់បំផុត ព្រោះដើម្បីរក្សា​តំណែង​ជាកំពូលមហាអំណាច រុស្ស៉ីនឹងធ្វើអ្វីៗគ្រប់យ៉ាង ក្នុងនោះរួមមានទាំងការប្រើអាវុធនុយក្លេអ៊ែរ។ ដូច្នេះបើតាមលោក មៀសៃមឺ គេពិបាកនឹងនិយាយខ្លាំងណាស់​ថាតើសង្រ្គាមនឹងបញ្ចប់នៅពេលណា ដ្បិតអ្វីដែលគេគ្រប់គ្នា កំពុងឃើញ នោះគឺថាសហរដ្ឋអាមេរិកកាន់តែបង្កើនការបញ្ជូនអាវុធឱ្យអ៊ុយក្រែន រុស្ស៉ីក៏កាន់តែបង្កើនការ​វាយ​លុកដូចគ្នាដែរ។

យ៉ាងណាក៏ដោយ ផ្ទុយពីលោក មៀសៃមឺ អ្នកជំនាញភាគច្រើនយល់ថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន គឺជាការធ្វើតេស្ដដ៏ធំបំផុតចំពោះប្រជាធិបតេយ្យ និងតំណែងរបស់សហរដ្ឋអាមេរិក ក្នុងនាមជាមេដឹកនាំពិភពលោក ក្នុងស.វទី២១នេះ។ ម្យ៉ាងវិញទៀត ដោយបន្តគាំទ្រអ៊ុយក្រែន សហរដ្ឋអាមេរិកចង់យកឱកាសនេះ​ប្រមូលផ្ដុំ កម្លាំងសម្ព័ន្ធមិត្តឡើងវិញ និងបញ្ជូនសារមួយដ៏រឹងមាំទៅដល់ចិន ឱ្យមើលរុស្ស៉ីជាគំរូថាតើរុស្ស៉ីខាតបង់ប៉ុនណា នៅក្នុងសង្រ្គាមអ៊ុយក្រែន។ និយាយជារួម ការដោះស្រាយរបស់ សហរដ្ឋអាមេរិកនៅអ៊ុយក្រែន គឺមានជាប់ពាក់ព័ន្ធនឹងអនាគតនៃការដោះស្រាយជាមួយចិនជុំវិញកោះតៃវ៉ាន់។

គួរបញ្ជាក់ថា សម្បទានកន្លងមកដែលរុស្ស៉ីបានស្នើ គឺផ្តោតសំខាន់លើបញ្ហាទឹកដី ហើយអ៊ុយក្រែនក៏បានទាត់ចោលសំណើទាំងនេះស្ទើរតែទាំងអស់ដែរ។ បញ្ហាទឹកដីមិនត្រឹមតែ មានជាប់ពាក់ព័ន្ធនឹងអនាគតរបស់អ៊ុយក្រែនប៉ុណ្ណោះទេ តែវាក៏មានជាប់ពាក់ព័ន្ធនឹងអនាគតសន្តិសុខ និងភូមិសាស្ត្រនយោបាយអឺរ៉ុបផងដែរ។

គ្មាននរណាដឹងទេថាតើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចបន្ត គាំទ្រដល់អ៊ុយក្រែនបានយូរដល់ណា ខណៈតម្លៃប្រេងឥន្ធនៈ និងទំនិញកំពុងឡើងថ្លៃ ហើយអតិផរណាកំពុងវាយលុកសេដ្ឋកិច្ចអាមេរិក និងអឺរ៉ុបដែលនេះជាបញ្ហាធំបំផុត សម្រាប់ឱ្យមេដឹកនាំនីមួយៗត្រូវដោះស្រាយជាអាទិភាព​ជូនប្រជាជនរបស់ខ្លួន​មុនអ៊ុយក្រែន។ ចំណែកឯ អ៊ុយក្រែនវិញ គេមិនអាចដឹងថាតើអាចទ្រាំទ្រនឹងការបំផ្លិចបំផ្លាញ បានយូរប៉ុនណាដែរ តែបើស្ថានការណ៍ក្នុងតំបន់ដុនបាស់​មិនមានអ្វីប្រែ​ប្រួល​ទេ នោះមានតែអ៊ុយក្រែនខ្លួនឯងទេដែលនឹងត្រូវសម្រេចចិត្តដ៏លំបាកលើជោគវាសនារបស់ខ្លួន៕