(តៃប៉ិ)៖ យន្ដហោះចម្បាំងតៃវ៉ាន់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានហោះប្រដេញព្រមានយន្តហោះចិនចំនួន ២៩គ្រឿង ឱ្យចេញឆ្ងាយពីតំបន់ការពារដែនអាកាស របស់ខ្លួន ក្នុងនោះរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែក ដែលបានហោះពីភាគខាងត្បូងនៃកោះតៃវ៉ាន់ ចូលទៅកាន់មហាសមុទ្រប៉ាស៉ីហ្វិក ដែលនេះជា ភាពតានតឹងចុងក្រោយបង្អស់ ចាប់តាំងពីចុងខែឧសភា កន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានអះអាងថា សកម្មភាពលុកលុយចុងក្រោយបង្អស់ ដោយកងទ័ពអាកាសចិនមានការចូលរួមពីយន្តហោះចម្បាំងចំនួន ១៧គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ចំនួន ៦គ្រឿង ក៏ដូចយន្តហោះ electronic warfare និងយន្តហោះព្រមានអាសន្ន យន្តហោះប្រឆាំង នាវាមុជទឹក និងយន្តហោះចាក់សាំងពីលើអាកាសជាដើម។

បន្ថែមពីលើនេះ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានហៅសកម្មភាពដែលកើតមានឡើងដដែលៗរបស់ចិនថាជា «យុទ្ធសាស្រ្តសង្គ្រាមតំបន់ប្រផេះ» ដែលត្រូវ បានរៀបចំឡើងដើម្បីធ្វើឱ្យកងទ័ពកោះតៃវ៉ាន់នឿយហត់ តាមរយៈការធ្វើឱ្យពួកគេតាមហោះប្រដេញ និងដើម្បីធ្វើតេស្ដលើសមត្ថភាពឆ្លើយតបពីសំណាក់ កោះតៃវ៉ាន់។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបន្ថែមថា យន្តហោះមួយចំនួនបានធ្វើសកម្មភាពនៅភាគឦសាននៃប្រជុំកោះប្រ៉ាតាស (Pratas) ខណៈយន្តហោះទម្លាក់ គ្រាប់បែក អមដោយយន្តហោះ electronic warfare និងយន្តហោះប្រមូលផ្តុំស៊ើបការណ៍ បានហោះចូលទៅកាន់ច្រកសមុទ្របាស៉ី (Bashi) ដែលស្ថិតនៅ ផែនសមុទ្រចន្លោះកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន និងចូលទៅកាន់មហាសមុទ្រប៉ាស៉ីហ្វិក មុនពេលត្រឡប់ទៅប្រទេសចិនវិញតាមផ្លូវដែលពួកគេចូលមក។

កោះតៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះចម្បាំងទៅព្រមានយន្តហោះចិនទាំងនោះវិញ ខណៈប្រព័ន្ធស្ទាក់ចាប់មីស៉ីលត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យពួកគេ ដោយប្រើពាក្យស្តង់ដារសម្រាប់ការឆ្លើយតបរបស់ខ្លួន។

គួរបញ្ជាក់ថា កោះតៃវ៉ាន់បានរាយការណ៍អំពីយន្តហោះចិនចំនួន ៣០គ្រឿង បានធ្វើសកម្មភាពនៅក្នុងតំបន់ ADIZ របស់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅនេះ។ ការលុកលុយដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ននៅឆ្នាំ២០២២នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមករាកន្លងទៅនេះ ដែលមានយន្តហោះចិនចំនួន ៣៩គ្រឿងបានធ្វើសកម្មភាពដដែលៗ៕