(សេអ៊ូល)៖ បន្ទាប់ពីបរាជ័យក្នុងការធ្វើតេស្តលើកទី១ ទីបំផុតកូរ៉េខាងត្បូង បានទទួលជោគជ័យ ក្នុងការធ្វើតេស្តជាលើកទី២ នៃគ្រាប់រ៉ុក្កែតអវកាស ដែលផលិតក្នុងស្រុកផ្ទាល់ ឈ្មោះថា នូរី (Nuri) កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

ក្រុមមន្រ្តីកូរ៉េខាងត្បូងបានឱ្យដឹងថា គ្រាប់រ៉ុក្កែត Nuri ត្រូវបានបង្ហោះចេញពី មជ្ឈមណ្ឌលអវកាស ណារ៉ូ (Naro Space Center) កាលពីវេលាម៉ោង០៤៖០០នាទីល្ងាចថ្ងៃអង្គារ ហើយផ្កាយរណបមួយគ្រឿងទម្ងន់ ១៦២.៥គីឡូក្រាម ដែលត្រូវបានរចនាឡើង ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពរបស់រ៉ុក្កែតនោះ បានភ្ជាប់ការទាក់ទង មកកាន់ស្ថានីយមូលដ្ឋាន នៅឯទ្វីបអង់តាក់ទិច ដោយជោគជ័យ ក្រោយវាទៅដល់គន្លង ដែលបានកំណត់ទុក។

រ៉ុក្កែត Nuri ក៏បានបញ្ជូនផ្កាយរណបបញ្ឆោត ១គ្រឿងទម្ងន់១.៣តោន រួមនិងផ្កាយរណបខ្នាតតូច៤គ្រឿងទៀត ដែលអភិវឌ្ឍដោយ សាកលវិទ្យាល័យកូរ៉េខាងត្បូង សម្រាប់គោលដៅស្រាវជ្រាវ ទៅដល់គន្លងអវកាសរៀងៗខ្លួនផងដែរ។ គ្រាប់រ៉ុក្កែតនេះ ប្រើប្រាស់ បច្ចេកវិទ្យាកូរ៉េសុទ្ធសាធ និងជារ៉ុក្កែតអវកាសដំបូងបំផុត ដែលផលិតក្នុងស្រុកផ្ទាល់។ វានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើដល់ គោលដៅប្រកបដោយមហិច្ឆតារបស់កូរ៉េខាងត្បូង សម្រាប់បណ្តាញប្រព័ន្ធ 6G, ផ្កាយរណបស៉ើបការណ៍ ហើយនិងយានស្រាវជ្រាវក្នុងទីអវកាស ជាដើម។

គួរបញ្ជាក់ថា កំលុងការធ្វើតេស្តបាញ់បង្ហោះលើកដំបូង កាលពីខែតុលា ឆ្នាំ២០២១ គ្រាប់រ៉ុក្កែត Nuri សម្រេចកោះហោះហើររបស់វា បានជាធម្មតា ប៉ុន្តែបរាជ័យក្នុងការបញ្ជូនផ្កាយរណបសាកល្បង ឱ្យទៅដល់គន្លងដែលបានកំណត់ទុក ក្រោយម៉ាស៉ីនកំណាត់ទី៣របស់វា ឆេះអស់ថាមពល មុនការរំពឹងទុក៕