(ប៉េកាំង)៖ ថ្ងៃទី២៤ ខែមិថុនា ពិធីសម្ពោធប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area បានបើកធ្វើនៅក្រុងហុងកុង ក្នុងពេលដំណាលគ្នា នៅក្រុងប៉េកាំងនិងហុងកុង។ ក្នុងនាមជាវិធានការជាក់ស្តែង ដើម្បីផ្តល់ជំនួយក្នុងការជំរុញការអនុវត្ត «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ឱ្យបានកាន់តែយូរអង្វែងនិងកាន់តែរឹងមាំនៅក្រុងហុងកុង ក៏ជាអំណោយដ៏សប្បុរសដល់ជនរួមជាតិហុងកុង ដើម្បីអបអរសាទរខួបលើកទី ២៥ ដែលក្រុងហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ។ ប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area នឹងចាក់ផ្សាយនៅហុងកុងចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

លោកស្រី Carrie Lam ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនិងជានិពន្ធនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធលើកនេះ។

លោកស្រី Carrie Lam បានថ្លែងថា ប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area ចាក់ផ្សាយលើកនេះ នឹងធ្វើឱ្យពលរដ្ឋហុងកុងស្វែងយល់បន្ថែមអំពី ការវិវត្តន៍ចុងក្រោយបង្អស់របស់ប្រទេសចិន និងលើកកម្ពស់អត្តសញ្ញាណរបស់ពួកគេក្នុងនាមជាពលរដ្ឋនិងអត្តសញ្ញាណជាតិ។ សង្ឃឹមថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បន្តផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយ អំពីសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនហុងកុង និងរបៀបធ្វើសមាហរណកម្មយ៉ាងសកម្ម ក្នុងទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសចិន នាពេលអនាគត ដើម្បីបង្ហាញពីរូបរាងថ្មីរបស់ហុងកុង។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តច្នៃប្រឌិតថ្មីផ្នែកផ្សព្វផ្សាយ ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតនិងអភិវឌ្ឍន៍ ផ្តោតសំខាន់លើការផ្សព្វផ្សាយសំឡេងរបស់មជ្ឈិមបក្សចិន និងរៀបរាប់រឿងរ៉ាវរបស់ហុងកុងក្នុងយុគសម័យថ្មី ដល់ជនរួមជាតិហុងកុង ដើម្បីផ្តល់កម្លាំងចលករកាន់តែខ្លាំង សម្រាប់ការអនុវត្ត «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ឱ្យបានកាន់តែយូរអង្វែងនិងកានតែរឹងមាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន