(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថាទីក្រុងតេហេរ៉ង់បានបាញ់បង្ហោះរ៉ុក្កែតអវកាសឈ្មោះ ហ្សុលចាណាស់ (Zuljanah) ដោយបង្កការខឹងសម្បារដល់ទីក្រុងវ៉ាស៊ីនតោន ខណៈមានការរំពឹងថាកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ នឹងចាប់ផ្ដើមឡើងវិញឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។

ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអ៉ឺរ៉ង់ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបញ្ជាក់ទៀតថា នេះគឺជាលើកទី២ហើយ ដែលតេហេរ៉ង់ធ្វើតេស្ដរ៉ុក្កែតអវកាស Zuljanah ក្រោយការធ្វើតេស្ដលើកដំបូងកាលពីឆ្នាំ២០២១។ ប៉ុន្តែ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ មិនបានបញ្ជាក់ថាការធ្វើតេស្ដលើកទី២នេះធ្វើឡើង នៅពេលណា, នៅទីកន្លែងណា ឬក៏ទទួលបានជោគជ័យ ដែរឬក៏យ៉ាងនោះទេ។ ចំណែកឯ ខាងសេតវិមានបានចាត់ទុកថាការធ្វើតេស្ដនេះជា សកម្មភាពបង្កអស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអ៉ីរ៉ង់ Zuljanah គឺជាគ្រាប់រ៉ុក្កែតមានប្រវែងបណ្ដោយ ២៥.៥ម៉ែត្រ និងមានសមត្ថភាពពាំផ្កាយរណបមួយមានទម្ងន់ ២២០គីឡូក្រាម ដែលអាចប្រមូលទិន្នន័យនៅក្នុងគន្លងទាបនៃផែនដី។ អ៉ីរ៉ង់តែងហៅការធ្វើតេស្ដរបស់ខ្លួនជាការសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ ប៉ុន្តែ សហរដ្ឋអាមេរិកបានចោទប្រកាន់ថាការធ្វើតេស្ដគ្រាប់រ៉ុក្កែតរបស់អ៉ីរ៉ង់ ជាការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោងអន្តរទ្វីប៕