(កៀវ)៖ នៅទីបំផុតទៅ ទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃទាហានរុស្ស៉ីទាំងស្រុងហើយ ខណៈការបាត់បង់ទីក្រុងមួយនេះ ត្រូវបានក្រុមអ្នកវិភាគយោធាមួយចំនួនមើលឃើញថានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រុស្ស៉ី នៅក្នុងសមរភូមិសង្រ្គាមដុនបាស់។ កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ទាហានអ៊ុយក្រែនបានសម្រេចចិត្តបោះបង់ចោលទីក្រុង Sievierodonetsk នៃតំបន់លូហាន (Luhansk) ក្រោយការតស៊ូប្រយុទ្ធជាមួយទាហានរុស្ស៉ីអស់រយៈពេល ជាច្រើន សប្ដាហ៍មកនេះ។

ការបាត់បង់ទីក្រុង Sievierodonetsk ដែលមានប្រជាជនច្រើនជាង ១០០,០០០នាក់រស់នៅ មុនសង្រ្គាមផ្ទុះឡើង នឹងក្លាយជាជ័យជម្នះជានិមិត្តរូបដ៏ធំរបស់ទីក្រុងមូស្គូ ចាប់តាំងពីទាហានរុស្ស៉ីវាយដណ្ដើមបានទីក្រុងម៉ារីយូប៉ូល កាលពីខែឧសភា។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់លើកឡើងថា Sievierodonetsk គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ដែលអាចកំណត់លទ្ធផលនៃសង្រ្គាមនៅក្នុងតំបន់ដុនបាស់។ ដូច្នេះ ការបាត់បង់ទីក្រុងយុទ្ធសាស្ត្រមួយនេះ ថាតើវាបានកំណត់ពីលទ្ធផល សង្រ្គាមនៅក្នុងតំបន់ដុនបាស់ ហើយមែន ឬទេ?

ទីក្រុង Sievierodonetsk មានទីតាំងស្ថិតនៅក្នុងតំបន់លូហាន ក្បែរព្រំដែននៃតំបន់ដូណេត និងស្ថិតនៅចម្ងាយជាង ១៤៤គីឡូម៉ែត្រពីភាគខាងត្បូងនៃព្រំដែនរុស្ស៉ី ហើយ ជាពិសេស ទីក្រុងមួយនេះស្ថិតនៅម្ខាងនៃទន្លេដូណេត (Donets) ខណ្ឌចែកជាមួយទីក្រុង លីស៊ីចាន់ (Lysychansk) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហាន អ៊ុយក្រែននៅឡើយ ហើយរុស្ស៉ីកំពុងតម្រង់គោលដៅវាយលុក។ បើតាមឧត្តមសេនីយត្រីអ៊ុយក្រែន លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ការដកថយរបស់ទាហាន អ៊ុយក្រែនពីទីក្រុង Sievierodonetsk គឺជាការដកថយជាយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសកុំឱ្យទីក្រុងមួយនេះមានវាសនាដូចជាទីក្រុងម៉ារីយូប៉ូល ដែលត្រូវបានរុស្ស៉ីឡោមព័ទ្ធ រហូតដល់បង្ខំឱ្យទាហានអ៊ុយក្រែនទម្លាក់អាវុធចុះចាញ់។

លោក Budanov បានបន្ថែមថាទាហានអ៊ុយក្រែននៅពេលនេះ បានដកថយទៅកាន់ទីក្រុង Lysychansk ជាតំបន់ដីខ្ពស់មានប្រៀបខាងយុទ្ធសាស្ត្រ និងអាចបង្កការលំបាក ដល់ទីតាំងឈរជើងទាហានរុស្ស៉ី នៅត្រើយខាងកើតនៃទន្លេដូណេត ដោយមិនអាចពួកគេឆ្លងទន្លេនេះដោយងាយស្រួលៗនោះទេ។ មែនទែនទៅ ដោយសារតែ ស្ពានឆ្លង ទន្លេរវាងទីក្រុង Sievierodonetsk និងទីក្រុង Lysychansk ត្រូវបានបំផ្លាញទាំងស្រុង វាបានបង្កឧបសគ្គដល់ទាហានរុស្ស៉ីរួចស្រេចទៅហើយ ម្លោះហើយទើបរុស្ស៉ី ប្រើប្រាស់កាំភ្លើងធំជាអាវុធសំខាន់ ក្នុងការវាយប្រហាររបស់ខ្លួន។

ដូចគ្នាដែរ វិទ្យាស្ថានសិក្សាពីសង្រ្គាម (Institute for War) មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បានសន្និដ្ឋានថាការបាត់បង់ទីក្រុង Sieverodonetsk គឺជាបរាជ័យ សម្រាប់អ៊ុយក្រែន ពីព្រោះថាអ៊ុយក្រែនបានបាត់បង់ទឹកដីទៅឱ្យរុស្ស៉ី។ តែការបាត់បង់ Sievierodonetsk មិនទាន់អាចសម្រេចថាវាជាជោគជ័យទាំងស្រុងរបស់រុស្ស៉ីឡើយ។ តែយ៉ាងណាក៏ដោយ រឿងដែលគេពិបាកនឹងប្រកែកបាន នោះគឺថាការដណ្ដើមបានទីក្រុងយុទ្ធសាស្ត្រ វានឹងកាន់តែរុញឱ្យរុស្ស៉ីខិតជិតទៅរកការគ្រប់គ្រងតំបន់លូហាន ទាំងស្រុង ហើយវាក៏ជាបរាជ័យដ៏ធំរបស់ទាហានអ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ារីយូប៉ូល ធ្លាក់ចូលដៃរុស្ស៉ីផងដែរ។ ដូច្នេះសំណួរដែលត្រូវសួរនៅពេលនេះ នោះគឺថាតើ អ៊ុយក្រែន អាចតស៊ូប្រយុទ្ធដើម្បីគ្រប់គ្រងតំបន់លូហានបានដែរ ឬទេ ខណៈការបាត់បង់ទីក្រុង Sievierodonetsk នៅពេលនេះបានន័យថាអ៊ុយក្រែនកំពុងកាន់កាប់ទីក្រុង តែមួយគត់នៅក្នុងតំបន់លូហាន នោះគឺទីក្រុង Lysychansk។

អ៊ុយក្រែន កាលពីពេលថ្មីៗនេះត្រូវបានគេរាយការណ៍ថាបានទទួលអាវុធធុនធ្ងន់ ជាពិសេសដូចជាប្រព័ន្ធមីស៊ីលផ្លោង ហ៊ីម៉ាស់ (Himars) ចំនួន៤គ្រឿងនៃកញ្ចប់ជំនួយ ដំបូងពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានសន្យាបង្កើនការបញ្ជូនអាវុធទំនើបបន្ថែមៗដល់អ៊ុយក្រែនផងដែរ ស្របពេលដែលអាល្លឺម៉ង់ បានបញ្ជូនកាំភ្លើងធំ howitzers រាប់សិបគ្រឿងទៅដល់ដៃទាហានអ៊ុយក្រែនហើយ។ ប៉ុន្តែ សម្រាប់អ៊ុយក្រែន វាមិនទាន់គ្រប់គ្រាន់ទេ ព្រោះទីក្រុងកៀវត្រូវការអាវុធ បន្ថែមទៀត ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយបណ្ដេញទាហានរុស្ស៉ីដែលកំពុងគ្រប់គ្រង ២០ភាគរយនៃទឹកដីអ៊ុយក្រែន។

ដោយឡែក បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍លោកខាងលិច នៅឯតំបន់ដុនបាស់ ទីក្រុងមូស្គូកាន់តែបង្កើនការវាយប្រហារ និងមានប្រៀបទាំងកម្លាំង និងសព្វាវុធ។ ជាឧទាហរណ៍ បើប្រៀបធៀបកម្លាំង ទាហានរុស្ស៉ីមាន១០នាក់ រីឯអ៊ុយក្រែនមានទាហានតែម្នាក់ប៉ុណ្ណោះ ហើយរឹតតែសំខាន់ការវាយប្រហារដោយមីស៊ីល ឬកាំភ្លើងពីសំណាក់រុស្ស៉ី បានផ្ដាច់ជីវិតទាហានអ៊ុយក្រែនយ៉ាងហោច ១០០នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន បានឈានចូលដំណាក់កាលដ៏គ្រោះថ្នាក់បំផុត ដ្បិតទាំងរុស្ស៉ី និងសហរដ្ឋអាមេរិកដែលជាអ្នកផ្ដល់ការគំាទ្រដ៏ធំ របស់អ៊ុយក្រែន សុទ្ធតែដើរដល់ផ្លូវដែលពិបាកនឹងបកក្រោយ ហើយគេក៏មិនដឹងនោះដែរថាតើលោក ពូទីន ចង់ឱ្យសង្រ្គាមបញ្ចប់ទៅដោយរបៀបណា? តើលោកចង់ គ្រប់គ្រងតំបន់ដុនបាស់ ដើម្បីបង្ខំឱ្យអ៊ុយក្រែនទទួលបានយកបទឈប់បាញ់, បញ្ចូលតំបន់លូហាន និងដូណេតទៅក្នុងឧបសម្ព័ន្ធរុស្ស៉ីដូចជាតំបន់គ្រីមៀ ឬក៏ចង់គូសព្រំដែន ជាថ្មីឡើងវិញ?។ សម្រាប់សហរដ្ឋអាមេរិក បរាជ័យរបស់អ៊ុយក្រែន មិនមែនជាប្រយោជន៍របស់វ៉ាស៊ីនតោន ពីព្រោះថាវាអាចនឹងកែប្រែសន្តិសុខ ក៏ដូចជាភូមិសាស្ត្រ នយោបាយអឺរ៉ុបទាំងមូលនៅពេលអនាគត។

រីឯសម្រាប់រុស្ស៉ី ជាពិសេសគឺលោក ពូទីន ដាច់ខាតលោកត្រូវតែទទួលបានជ័យជម្នះក្នុងសង្រ្គាមសព្វថ្ងៃ ដើម្បីយកទៅប្រាប់ប្រជាជន និងឥរស្សជននយោបាយរុស្ស៉ី។ និយាយជារួម សង្រ្គាមនៅអ៊ុយក្រែនមានជាប់ពាក់ព័ន្ធនឹងជីវិតនយោបាយរបស់លោក ពូទីន ហើយក្រុមអ្នកវិភាគខ្លះយល់ថាលោក អាចនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយកឈ្នះ រហូតដល់មានពាក្យមួយឃ្លាគេនាំគ្នានិយាយប្រដូចថា «បើអ៊ុយក្រែនកាន់តែខិតទៅរកជ័យជម្នះ ពិភពលោកកាន់តែខិតទៅរកសង្រ្គាមនុយក្លេអ៊ែរ»៕