(ឌូបៃ)៖ ក្រសួងការបរទេសអ៉ីរ៉ង់ នៅថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា អ៉ីរ៉ង់បានដាក់ពាក្យស្នើសុំចូលជាសមាជិកក្នុងក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន ដែលគេហៅកាត់ថា ប្រីដស៍ (BRICS)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

BRICS គឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនចំនួន ៥គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានឱ្យដឹងថា សមាជិកភាពរបស់អ៉ីរង់នៅក្នុងក្រុមប្រទេស BRICS នេះ នឹងនាំមកនូវតម្លៃបន្ថែមសម្រាប់គ្រប់ភាគី។

គួរបញ្ជាក់ថា បើតាមលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បាននិយាយថាអាហ្សង់ទីនក៏បានដាក់ពាក្យស្នើសុំ ចូលរួមក្នុងក្រុមប្រទេសនេះដែរ ខណៈមន្រ្តីអាហ្សង់ទីននៅមិនទាន់មានការអត្ថាធិប្បាយចំពោះការលើកឡើងនេះទេ៕