(តៃប៉ិ)៖ យោធាអាមេរិកបានិយាយនៅថ្ងៃអង្គានេះថា ការហោះហើររបស់យន្តហោះកងទ័ពជើងទឹករបស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីសប្តាហ៍មុនបានបង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

ការលើកឡើងខាងលើធ្វើឡើង បន្ទាប់ពីចិនបានរិះគន់ថា សកម្មភាពនោះបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ទីបញ្ជាការដ្ឋានយោធាអាមេរិកប្រចាំឥណ្ឌូប៉ាស៉ីហ្វិក បានឲ្យដឹងថា «នាវានិងយន្តហោះ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក តែងតែធ្វើអន្តរកម្មជាមួយនាវា ក៏ដូចជាយន្តហោះយោធាបរទេសផ្សេងទៀត នៅទូទាំងតំបន់ ហើយរាល់អន្តរកម្មទាំងនោះ គឺស្របតាមបទដ្ឋានអន្តរជាតិ និងមិនប៉ះពាល់ដល់ប្រតិបត្តការណាមួយនោះទេ។ សហរដ្ឋអាមេរិកនឹងបន្តហោះហើរ, ធ្វើនាវាចរណ៍ និងប្រតិបត្តិការ នៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត រួមទាំងនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ»។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចរាចរណ៍នាវាចម្បាំងអាមេរិក ព្រមគ្នាជាមួយប្រទេសជាសម្ព័ន្ធមិត្ត ដូចជាអង់គ្លេស និងកាណាដា ជាដើម ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះ បាននាំឲ្យមានការខឹងសម្បារជាខ្លាំងពី សំណាក់ប្រទេសចិន៕