(កៀវ)៖ មេដឹកនាំក្រុមប្រទេស G7 បានថ្កោលទោសការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី លើទីតាំងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងក្រេមេនឈុក (Kremenchuk) របស់អ៊ុយក្រែន ដោយហៅសកម្មភាពនោះជាឧក្រិដ្ឋកម្មសង្រ្គាម «គួរឲ្យស្អប់ខ្ពើម»។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

បើតាមតួលេខចុងក្រោយដែលបានរាយការណ៍ គឺមានមនុស្សចំនួន១៨នាក់បានស្លាប់ រីឯ៥៩នាក់រងរបួស ក្នុងការវាយប្រហារនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំ G7 ដែលកំពុងជួបប្រជុំគ្នាក្នុងប្រទេសអាល្លឺម៉ង់ បានសន្យាថានឹងធ្វើឲ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយបានហៅសកម្មភាពរបស់រុស្ស៉ីថា «ការវាយប្រហារដោយមិនរើសអើងលើជនស៉ីវិលស្លូត្រង់ គឺជាឧក្រិដ្ឋកម្មសង្រ្គាម»

សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានថោ្កលទោសការវាយប្រហារនេះ ថាជារឿងដ៏គួរឲ្យរន្ធត់ និងសោកស្តាយបំផុត។ ដោយឡែក ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី (Dmitry Polyanskiy) បានសរសេរនៅលើ Twitter ថា ការវាយប្រហារនេះគឺជាការបង្ករហេតុរបស់អ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយឡើយ។

គួរបញ្ជាក់ថា ទីក្រុង Kremenchuk គឺស្ថិតនៅឆ្ងាយពីតំបន់មានជម្លោះ ហើយការបាញ់ផ្លោងមីស៉ីលពីរគ្រាប់របស់រុស្ស៉ី ត្រូវចំផ្សារទំនើបដ៏មមាញឹកនៅកណ្តាលទីក្រុងនេះ ត្រូវបានអភិបាលតំបន់អះអាងថា ជាអំពើភេរវកម្មប្រឆាំងនឹងជនស៊ីវិល ពីព្រោះនៅក្បែរនោះ គឺគ្មានទីតាំងយោធា ដែលគួរជាគោលដៅនៃការវាយប្រហាររបស់រុស្ស៉ីឡើយ៕