(សូហ្វីយ៉ា)៖ ប៊ុលហ្ការី កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការបណ្តេញបុគ្គលិកការទូតរុស្ស៉ីចំនួន៧០នាក់ ដោយសារតែមានការព្រួយបារម្ភលើបញ្ហាចារកម្ម ហើយថែមទាំងបានសម្រេចដាក់ចំនួនកំណត់លើ ទំហំនៃក្រុមមន្រ្តីតំណាងរបស់ទីក្រុងមូស្គូទៀតផង ខណៈទំនាក់ទំនងនៃប្រទេសទាំងពីរដែលធ្លាប់ជិតស្និទ្ធនឹងគ្នា កំពុងស្ថិតក្នុងភាពតានតឹង ដោយសារតែវិបត្តិអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីប៊ុលហ្ការី លោក ការីល ប៉េតកូវ (Kiril Petkov) បានគូសបញ្ជាក់ថា «ថ្ងៃនេះ យើងបានបណ្តេញ អ្នកការទូតរុស្ស៉ីចំនួន៧០នាក់, ភាគច្រើននៃពួកគេ គឺបានធ្វើការដោយផ្ទាល់ឱ្យបណ្តាញស៉ើបការណ៍សម្ងាត់ នៅស្លោកនៃឋានៈជាអ្នកការទូត»។ ការសម្រេចចិត្តនេះ នឹងកាត់បន្ថយជាងពាក់កណ្តាល នូវចំនួនមន្រ្តីទូតរុស្ស៉ីដែលលោក ប៉េតកូវ ធ្លាប់បានអះអាងថា មានចំនួនសរុប ១១៤នាក់ កាលពីត្រឹមចុងខែមេសាកន្លងទៅ។

បើតាមក្រសួងការបរទេសប៊ុលហ្ការី ទំហំនៃវត្តមានអ្នកការទូតរុស្ស៉ីនៅក្នុងប្រទេសរបស់ខ្លួន ត្រូវបានដាក់កំណត់ឱ្យនៅត្រឹមយ៉ាងច្រើន ៤៨នាក់ប៉ុណ្ណោះ ខណៈមន្រ្តីទូតរុស្ស៉ី៧០នាក់ ដែលត្រូវបានបណ្តេញទាំងនោះ គឺប៊ុលហ្ការីទុកពេលឱ្យដល់ត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីចាកចេញ។

គួរបញ្ជាក់ថា ពាក់ព័ន្ធវិបត្តិសង្រ្គាមនៅអ៊ុយក្រែន លោក Petkov បានប្រកាន់ជំហរយ៉ាងរឹងមាំប្រឆាំងនឹងរុស្ស៉ី ខណៈកាលពីសម័យកុម្មុយនិស្ត ប៊ុលហ្ការីធ្លាប់ទទួលបាន ចំណងទាក់ទងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ហើយប្រទេសនេះ ក៏ជាគោលដៅដ៏ទាក់ទាញ សម្រាប់ទេសចររុស្ស៉ីផងដែរ។ កាលពីខែកុម្ភៈ លោកនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានដកតំណែងរដ្ឋមន្រ្តីការពារជាតិខ្លួន ក្រោយរដ្ឋមន្រ្តីរូបនោះ មិនព្រមហៅ ការឈ្លានរបស់រុស្ស៉ីលើអ៊ុយក្រែន ថាជាសង្រ្គាម ហើយលោកក៏បានគាំទ្រទណ្ឌកម្មរបស់ EU ប្រឆាំងទីក្រុងមូស្គូថែមទៀតផង៕