លោក ហ្សេលេនស្គី ទទូចសុំជំនួយយោធាបន្ថែម និងចង់បានថវិកាទ្រទ្រង់ ៥ពាន់លានដុល្លារក្នុង១ខែ ពី NATO (Video inside)
30-06-2022 11:22
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្តាហ៍នេះ បានចូលរួមថ្លែងសារក្នុងកិច្ចប្រជុំកំពូល NATO តាមប្រព័ន្ធវីដេអូ ដោយលោកបានទទូចឱ្យមាន ការជួយជ្រោមជ្រែងផ្នែកសព្វាវុធនិងហិរញ្ញវត្ថុបន្ថែមទៀត សម្រាប់ប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
ក្នុងការថ្លែងសារខាងលើ លោក Zelensky បាននិយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធបាញ់មីស៉ីល និងប្រព័ន្ធការពារដែនអាកាស ដើម្បីយកទៅការពារទីក្រុងនានារបស់ខ្លួន ព្រមទាំងប្រព័ន្ធកាំភ្លើងធំ ដើម្បីប្រឆាំងតទល់នឹងកងកម្លាំងរុស្ស៉ី នៅលើសមរភូមិ។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏មានសារសំខាន់ខ្លាំងដូចជំនួយសព្វាវុធដែរ ដោយបានគូសបញ្ជាក់ថា អ៊ុយក្រែនត្រូវការថវិកាទ្រទ្រង់ជិត ៥ពាន់លានដុល្លារក្នុង១ខែ។
គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ លោក Zelensky ក៏បានអំពាវនាវផងដែរឱ្យ បណ្តាសមាជិកអង្គការ NATO បន្តការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៉ី ហើយផ្តល់ឱ្យអ៊ុយក្រែននូវការធានាសន្តិសុខ។ NATO បានបើកកិច្ចប្រជុំកំពូល រយៈពេល៣ថ្ងៃរបស់ខ្លួន នៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស៉្បាញ កាលពីថ្ងៃទី២៨ ខែមិថុនា៕