(ប៉េកាំង)៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីឆ្លងកាត់ទុក្ខវេទនាអស់រយៈពេលមួយរយឆ្នាំ ហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ រដ្ឋាភិបាលមជ្ឈិមចិនចាប់ផ្តើមអនុវត្តអធិបតេយ្យភាពឡើងវិញចំពោះហុងកុង។ ស្ទើរតែមួយប៉ប្រិចភ្នែក ហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសវិញ២៥ឆ្នាំហើយ ក្នុងអំឡុងពេល២៥ឆ្នាំនេះ ហុងកុងកើតមានភាពបម្រែបម្រួលយ៉ាងជ្រាលជ្រៅ។

ចាប់តាំងពីហុងកុងវិលត្រឡប់ចូលមាតុប្រទេសវិញមក ជានិច្ចកាល រដ្ឋាភិបាលមជ្ឈិមចិនតែងតែប្រកាន់ខ្ជាប់គោលបំណងដើមនៃ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដែលបានកំណត់ដោយច្បាប់មូលដ្ឋាន ហើយចាត់ទុកការស្វែងរកវិបុលភាព និងស្ថិរភាពជាភារកិច្ចចម្បង និងចាត់ទុកការបង្កើនសុខសុភមង្គលរបស់អ្នកក្រុងហុងកុងជាអាទិភាព។ កាលពីឆ្នាំ១៩៩៧ ផលិតផលក្នុងស្រុកសរុបគឺ GDP នៃក្រុងហុងកុងមានចំនួន១,៣៧ទ្រីលានប្រាក់ហុងកុង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗគឺ១៩២,០០០ប្រាក់ហុងកុង ដល់ឆ្នាំ២០២១ GDP នៃក្រុងហុងកុងបានឡើងដល់ ២,៨៦ទ្រីលានប្រាក់ហុងកុង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានលើសពី៣៨ម៉ឺនប្រាក់ហុងកុង ។

ជាពិសេស ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយមកពីកត្តាជាច្រើន ដូចជាសណ្តាប់ធ្នាប់អន្តរជាតិ មានភាពមិនប្រាកដប្រជា និងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម បានបណ្តាលឱ្យសេដ្ឋកិច្ចសកលមានភាពថមថយចុះ ប៉ុន្តែការអភិវឌ្ឍខាងសេដ្ឋកិច្ចរបស់ហុងកុង បានរក្សាការរីកចម្រើនប្រកបដោយភាពនឹងនរជាទូទៅ។
បន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់ហុងកុង ត្រូវបានបង្កើនឡើងជាបន្តបន្ទាប់ វិទ្យាស្ថានសិក្សាស្រាវជ្រាវ Fraser របស់ប្រទេសកាណាដាបានចេញផ្សាយ «របាយការណ៍ស្តីពីសេរីភាពខាងសេដ្ឋកិច្ច នៅលើពិភពលោកប្រចាំឆ្នាំ២០២១» ដោយបានវាយតម្លៃជាថ្មីម្តងទៀតថា ហុងកុងជាអង្គភាពសេដ្ឋកិច្ច ដែលមានសេរីភាពជាងគេនៅលើពិភពលោក។ «សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោក» នៅខែមិនាឆ្នាំ២០២២ បានបង្ហាញថា ហុងកុងកាន់លំដាប់ថ្នាក់ទីបីក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោកទាំងមូល បន្ទាប់ពីក្រុងញូវយ៉កនិងក្រុងឡុងដ៍។

ភាពបម្រែបម្រួលដែលកាន់តែសំខាន់ទៅទៀត គឺចាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ហុងកុងបានរួមបញ្ចូលក្នុងការអភិវឌ្ឍ ជាទូទៅរបស់ប្រទេសចិនជាសន្សឹមៗ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ «ផែនការអភិវឌ្ឍន៍នៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ» បានដាក់ចេញជាផ្លូវការ តំបន់នេះជាតំបន់មួយ នៃប្រទេសចិនដែលមានកម្រិតបើកទូលាយខ្ពស់ជាងគេ និងមានភាពរស់រវើកខាងសេដ្ឋកិច្ចខ្លាំងជាងគេ។ ឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចសរុបនៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ មានចំនួនប្រហែល១២,៦ទ្រីលានយាន់ប្រាក់ចិន។ រដ្ឋាភិបាលប្រជាជនមជ្ឈិមចិន បានខិតខំប្រឹងប្រែងក្រាលផ្លូវអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់សម្រាប់ហុងកុង។

២៥ឆ្នាំកន្លងមកនេះ ហុងកុងក៏បានជួបប្រទះការប្រឈមជាច្រើន ដូចជាវិបត្តិហិរញ្ញវត្ថុ ជំងឺសារស៍ ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ១៩ជាដើម ហើយក៏មានបញ្ហាអត្រាបាត់អាជីពខ្ពស់ និងកំណើនប្រាក់ចំណូលធ្លាក់ចុះដែរ ប៉ុន្តែខណៈពេលហុងកុងជួបប្រទះភាពលំបាក ជានិច្ចកាល មាតុប្រទេសតែងតែផ្តល់ជំនួយយ៉ាងទាន់ពេល។
ខណៈពេលហុងកុងផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលមជ្ឈិមនិងស្ថាប័នពាក់ព័ន្ធ នៃតំបន់នានារបស់ប្រទេសចិន បានផ្តល់ជំនួយយ៉ាងពេញទំហឹង ដើម្បីជួយហុងកុងឆ្លើយតបនឹងជំងឺកូវីដ១៩។ សម្ភារៈវេជ្ជសាស្ត្រនិងសម្ភារៈប្រើប្រាស់បន្ទាន់ ត្រូវបានដឹកជញ្ជូនទៅកាន់ហុងកុងដោយទាន់ពេលវេលា មន្ទីរពេទ្យជាបណ្តោះអាសន្ន ត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ យ៉ាងឆាប់រហ័ស អ្នកជំនាញខាងបង្ការនិងគ្រប់គ្រងជំងឺឆ្លង និងបុគ្គលិកពេទ្យមួយក្រុមនិងមួយក្រុមទៀត បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ទៅកាន់ហុងកុង។

កាលពីបីឆ្នាំមុន ហុងកុងបានកើតមានភាពរកាំរកូសស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុង ដែលបានផ្ទុះបាតុកម្ម និងការតវ៉ានៅតាមផ្លូវជាបន្តបន្ទាប់ រហូតដល់កើតមានការប៉ះទង្គិចដោយកម្លាំងហិង្សាជាច្រើនលើក ត្រូវគេចាត់ទុកថាជាពេលវេលាងងឹតបំផុត តាំងពីហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនវិញមក។ ប្រឈមនឹងសភាពការណ៍ដ៏លំបាក រដ្ឋាភិបាលមជ្ឈិមចិនបានដាក់ចេញ ច្បាប់សន្តិសុខជាតិនៅហុងកុងដោយទាន់ពេលវេលា ហើយបានធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង មានសុក្រឹតភាពដែលបានតាំងមូលដ្ឋានសម្រាប់ឱ្យប្រជាធិបតយ្យ អាចរីកច្រើនដោយរឹងមាំនៅហុងកុងប្រការនេះ មានឥទ្ធិពលយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយ ចំពោះវិបុលភាពនិងស្ថិរភាពរបស់ហុងកុង។

ហុងកុងជាចិនហុងកុង ក្នុងយុគសម័យដែលមានបម្រែបម្រួលមួយពព្រិចភ្នែក អ្វីដែលមិនបានកែប្រែក្នុងរយៈពេល២៥ឆ្នាំ គឺពាក្យសន្យាស្តីពី «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» អ្វីដែលមិនបានកែប្រែ គឺការគាំទ្រពីមាតុប្រទេស។ អ្វីដែលបានកែប្រែក្នុងរយៈពេល២៥ឆ្នាំ គឺហេដ្ឋរចនាសម័្ពន្ធមានភាពកាន់តែទំនើប ទីក្រុងកាន់តែស្អាត កិច្ចការសង្គមកាន់តែមានវឌ្ឍនភាព ទំនាក់ទំនងរវាងហុងកុងនិងចិនដីគោកមានភាពកាន់តែជិតស្និទ្ធ និយាយជារួម ហុងកុងបានប្រែទៅជាមានភាពកាន់តែល្អប្រសើរ។ ជឿជាក់ថា ឈរនៅទីចាប់ផ្តើមថ្មី ហុងកុងពិតជានឹងមានអនាគតកាន់តែត្រចះត្រចង់ជាក់ជាមិនខាន!

វិទ្យុមិត្តភាពកម្ពុជាចិន