(តែលអាវីវ)៖ ក្រុមសមាជិកសភាអ៉ីស្រាអែល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបោះឆ្នោតដើម្បីរំលាយសភា ក្រោយការដួលរំលំ នៃរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្តី ណាហ្វតាលី បេណេត (Naftali Bennett) ដែលប្រការនេះ នឹងបើកផ្លូវសម្រាប់ ការរៀបចំបោះឆ្នោតសកលជាថ្មីម្តងទៀត នៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខ ខណៈវានឹងក្លាយជា ការបោះឆ្នោតសកលលើកទី៥ហើយ របស់ប្រទេសអ៉ីស្រាអែល ក្នុងរយៈពេលមិនដល់៤ឆ្នាំនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។

លោក Bennett នឹងចុះចេញពីតំណែងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រសប្តាហ៍នេះ ហើយរដ្ឋមន្រ្តីការបរទេសលោក យ៉ាអៀរ ឡាភីដ (Yair Lapid) ដែលជាដៃគូក្នុងរដ្ឋាភិបាលចម្រុះ នឹងឡើងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។ លោក Lapid នឹងត្រូវដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ឆ្លងកាត់ការប្រកួតប្រជែងក្នុងសមរភូមិ ដែលគេរំពឹងថានឹងមានភាពស្វិតស្វាញខ្លាំង ជាមួយមេបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្រ្តី គឺលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

គួរបញ្ជាក់ថា កន្លងមក លោក Netanyahu ដែលបាត់បង់តំណែង កាលពីជាង១ឆ្នាំមុន ដោយសារក្រុមគណបក្សនយោបាយចម្រុះ របស់លោក Bennett បានប្តេជ្ញាថា នឹងត្រឡប់មកកាន់អំណាចវិញ ក្នុងនាមជាប្រធានគណបក្សស្តាំនិយម លីឃុដ (Likud)៕