(ម៉ានីល)៖ ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូ (Ferdinand Marcos) បានតែងតាំងអ្នកការទូតជើងចាស់ គឺលោក អេនរីគ ម៉ាណាឡូ (Enrique Manalo) ជារដ្ឋមន្រ្តីក្រសួងការបរទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។

មុនពេលតែងតាំង លោក ម៉ាណាឡូ បានបម្រើការងារជា អ្នកតំណាងអចិន្រ្តៃយ៍របស់ហ្វីលីពីន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក ហើយមុននោះទៀត លោកជាអនុរដ្ឋលេខាទទួលបន្ទុកគោលនយោបាយ នៃក្រសួងការបរទេស។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោកស្រី ត្រិចស៉ី គ្រូស អាន់ជេលេស (Trixie Cruz-Angeles) បានឲ្យដឹងថា លោក ម៉ាណាឡូ បានស្នើសុំពេល២ ទៅ៣ថ្ងៃ មុនពេលចូលកាន់តំណែងជំនួស លោក តេអូដូរ៉ូ ឡូស៉ីន (Teodoro Locsin) ដែលជារដ្ឋមន្រ្តីការបរទេសបច្ចុប្បន្ន ដើម្បីដោះស្រាយកិច្ចការដែលនៅសល់ ក្នុងមុខតំណែងមុនរបស់លោកសិន។

លោក ម៉ាកូស ដែលបានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា រដ្ឋបាលរបស់លោកនឹងមានគោលនយោបាយការបរទេសឯករាជ្យ និងទទួលស្គាល់ថា ភាពជាដៃគូអន្តរជាតិ គឺជាគន្លឹះនៃតំបន់ដែលមានស្ថិរភាព។

គួរបញ្ជាក់ថា លោក ម៉ាណាឡូ បានចាប់ផ្តើមអាជីពកិច្ចការបរទេសរបស់លោក ក្នុងឆ្នាំ១៩៧៩ ហើយលោកក៏ធ្លាប់បានបម្រើការងារ ជាឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅចក្រភពអង់គ្លេស, អៀរឡង់, បែលហ្ស៊ិក និង លុចសំបួ ផងដែរ៕