(ឌូបៃ)៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ រីឯ៤៩នាក់ទៀតរងរបួស ដោយការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ នៅឯភាគខាងត្បូងប្រទេសអ៉ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ក្រោយមកក៏មានការរញ្ជួយដី២លើកទៀត រហូតដល់កម្រិត ៦.៣ រ៉ិចទ័រ ប៉ុន្តែមិនមានមនុស្សរងគ្រោះនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានរាយការណ៍ថា រញ្ជួយដីចំនួន ២៤ដង ដែលមានកម្រិត ៦.៣ រ៉ិចទ័រ និង ៦.១ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រអ៉ីរ៉ង់ ក្នុងខេត្តហ័រម៉ូសហ្កាន់ (Hormozgan)។ បើតាមលោក ហ្វត់ ម៉ូរ៉ាត់ហ្សាដេ (Foad Moradzadeh) អភិបាលតំបន់ បាន់ដា លេនហ្គេ (Bandar Lengeh), «ជនរងគ្រោះទាំងអស់បានស្លាប់នៅក្នុងការរញ្ជួយដីលើកទីមួយ ហើយគ្មាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងការរញ្ជួយដីធ្ងន់ធ្ងរពីរលើកបន្ទាប់ឡើយ ដោយសារមនុស្សនៅខាងក្រៅផ្ទះរបស់ពួកគេរួចទៅហើយ»

ក្រុមមន្រ្តីបានបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ ហើយពាក់កណ្តាលនៃអ្នករងរបួស ចំនួន៤៩នាក់ បានចាកចេញពីមន្ទីរពេទ្យហើយ។

គួរបញ្ជាក់ថា មានការរញ្ជួយដីចំនួន ១៥០លើក បានវាយប្រហារភាគខាងលិច ខេត្ត Hormozgan ក្នុងរយៈពេលមួយខែកន្លងមកនេះ៕