(ប៉េកាំង)៖ ថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍មីយ៉ាន់ម៉ា ជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជានៅក្រុង Pugam ប្រទេសមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន បានជម្រាបជូនភាគីចិនអំពីសភាពការណ៍បំពេញ ទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់លោក ក្នុងនាមជាបេសកជនពិសេសអំពីបញ្ហាមីយ៉ាន់ម៉ារបស់អាស៊ាន។ លោកវ៉ាងអ៊ីបានកោតសរសើរចំពោះកម្ពុជា ដែលបានធ្វើកិច្ចសម្របសម្រួលអំពីបញ្ហាមីយ៉ាន់ម៉ាយ៉ាងសកម្មតាំងពី បានទទួលបន្ទុកជាប្រធានផ្លាស់វេននៃអាស៊ានមក ហើយលោកក៏បានអធិប្បាយអំពីការរំពឹងទុក៣ចំណុច របស់ភាគីចិនអំពីបញ្ហាមីយ៉ាន់ម៉ាផងដែរ។
ទី១ រំពឹងទុកថា ចិននិងអាស៊ាននឹងរួមគ្នាជំរុញឱ្យមីយ៉ាន់ម៉ា សម្រេចការផ្សះផ្សាខាងនយោបាយជាបន្តបន្ទាប់ ក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់ ព្រមទាំងគិតពិចារណាពីតម្រូវការ និងសំណូមពរដ៏សមហេតុផលរបស់ភាគីនានា ដើម្បីស្តារស្ថិរភាពនិងសម្រេចសន្តិភាពឡើងវិញ ក្នុងពេលឆាប់ៗ។
ទី២ រំពឹងទុកថា ចិននិងអាស៊ាននឹងរួមគ្នាជំរុញមីយ៉ាន់ម៉ា ឱ្យចាប់ដំណើរការឡើងវិញនូវការផ្លាស់ប្តូរ រូបមន្តប្រជាធិបតេយ្យ ដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍ផ្នែកនយោបាយ ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់មីយ៉ាន់ម៉ា និងមានលក្ខណៈពិសេសរបស់មីយ៉ាន់ម៉ា។
ទី៣ រំពឹងទុកថា អាស៊ានអាចប្រកាន់ខ្ជាប់ «ទម្រង់អាស៊ាន» ប្រកាន់ខ្ជាប់គោលការណ៍ និងប្រពៃណីជាមូលដ្ឋាន ដែលមិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងនិងធ្វើកិច្ចសម្របសម្រួលជាកុងសង់ស៊ីស ដើម្បីគាំពារសាមគ្គីភាពនៃសមាជិកទាំងមូល និងឋានៈដឹកនាំរបស់អាស៊ាន៕

វិទ្យុមិត្តភាពកម្ពុជាចិន