(វ៉ាទីកង់)៖ សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ីស (Pope Francis) បានច្រានចោលសេចក្តីរាយការណ៍ដែលថា ទ្រង់គ្រោងនឹងលាលែងពីតំណែង ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ហើយសម្តេចក៏បានបន្តទៀតថា ទ្រង់នឹងយាងទៅបំពេញទស្សនកិច្ចនៅកាណាដា ក្នុងខែកក្កដានេះ ហើយសង្ឃឹមថា ក៏នឹងអាចយាងទៅកាន់ទីក្រុងមូស្គូ និងទីក្រុងកៀវ បានក្នុងពេលឆាប់ៗថែមទៀតផងដែរ បន្ទាប់ពីពេលនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ នៅឯបុរីវ៉ាទីកង់ផ្ទាល់ សម្តេច ប៉ាប ហ្រ្វង់ស៉ីស ក៏បានច្រានចោលនូវពាក្យចចាមអារ៉ាម ដែលថា ទ្រង់មានជំងឺមហារីកផងដែរ។ ថ្មីៗកន្លងមកនេះ មានការសង្ស័យនៅលើបណ្តាញសារព័ត៌មានថា ព្រឹត្តិការណ៍គាប់ជួនគ្នាមួយចំនួន ដែលនឹងត្រូវប្រព្រឹត្តទៅ នៅចុងខែសីហាខាងមុខ រួមមានកិច្ចប្រជុំជាមួយក្រុមមន្រ្តីសង្ឃកាតូលិកជាន់ខ្ពស់ មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីរដ្ឋធម្មនុញ្ញថ្មីរបស់បុរីវ៉ាទីកង់, ពីធីតែងតាំងមន្រ្តីសង្ឃជាន់ខ្ពស់ថ្មីៗ ហើយនិងដំណើរទស្សនកិច្ចនៅទីក្រុង ឡាឃ្វីឡា (L'Aquila) របស់អ៉ីតាលី ជាដើមនោះ អាចជាសញ្ញានៃការត្រៀមប្រកាសលាលែងពីតំណែងរបស់ទ្រង់។

គួរបញ្ជាក់ថា ទីក្រុង L'Aquila ធ្លាប់ជាប់ពាក់ព័ន្ធទៅនឹងសម្តេច ប៉ាប សេឡេស្ទីនទី៥ (Pope Celestine V) ដែលបានលាលែងពីតំណែង នៅឆ្នាំ១២៩៤។ រីឯសម្តេច ប៉ាប បេណេឌីគទី១៦ (Pope Benedict XVI) បានយាងទៅទស្សនកិច្ចនៅទីក្រុងនេះ រយៈពេល៤ឆ្នាំ មុនពេលទ្រង់លាលែងពីតំណែង កាលពីឆ្នាំ២០១៣ ហើយប្រការនោះបានធ្វើឱ្យទ្រង់ក្លាយជាសម្តេច ប៉ាប ដំបូងគេ ដែលបានធ្វើយ៉ាងដូច្នោះ ក្នុងអំលុងពេលប្រមាណជា ៦០០ឆ្នាំ ចុងក្រោយ។

ខណៈសម្តេច ប៉ាប ហ្រ្វង់ស៉ីស បានច្រានច្រាលមន្ទិលសង្ស័យខាងលើ ទ្រង់ក៏បានបញ្ជាក់គោលជំហរដដែលរបស់ទ្រង់ជាថ្មីម្តងទៀតថា សម្តេចអាចនឹងលាលែងនៅថ្ងៃណាមួយ ប្រសិនបើស្ថានភាពសុខភាពទ្រុធទ្រោម ធ្វើឱ្យទ្រង់លែងអាចដឹកនាំបុរីវ៉ាទីកង់ បានតទៅទៀត។ នៅពេលសួរថា តើរឿងនោះប្រហែលអាចកើតឡើងនៅពេលណាដែរ សម្តេច ប៉ាប បានឆ្លើយតបថា ទ្រង់មិនអាចដឹងប្រាកដឡើយ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ៕