(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្រុងម៉ាឌ្រីដ បានអនុម័តឯកសារយុទ្ធសាស្ត្រថ្មីបំផុតមួយ ច្បាប់ដែលបានលើកឡើងដល់ប្រទេសចិនជាលើកដំបូង ដោយបានមួលបង្កាច់ថាប្រទេសចិន «បង្កបង្កើតជាការគំរាមកំហែងជា ប្រព័ន្ធចំពោះអឺរ៉ុបនិងមហាសមុទ្រអាត្លង់ទិក»។ នេះជាភស្តុតាងថ្មីទៀតដែលអាចបញ្ជក់ថា អង្គការណាតូនិយាយប្រែសជាខ្មៅ ប្រឌិតសត្រូវស្រមើស្រមៃ និងបង្កធ្វើការបដិបក្ខគ្នាជាក្រុម ហើយប្រការនេះក៏អាចបញ្ជាក់ថាអង្គការណាតូ «ដែលជាអង្គការបន្សល់ទុកពីសង្គ្រាមត្រជាក់» ទើបជាការសាកល្បងជាប្រព័ន្ធ ចំពោះសន្តិភាពនិងស្ថិរភាពរបស់ពិភពលោកដែរ។

«អង្គការណាតូគ្រាន់តែជាលេសសម្រាប់ ឱ្យអាមេរិកធ្វើអនុត្តរភាពតែប៉ុណ្ណោះ។» កាសែត «Le Soir» របស់ប្រទេសប្រ៊ុចសែល បានវែកញែកដោយមុតស្រួចដូចនេះ។ បើរំលឹកពីដំណើរការបង្កើតនិងវាតទី របស់អង្គការណាតូអាចឃើញថា វាជាឧបករណ៍របស់អាមេរិកមួយ ដើម្បីចងសម័្ពន្ធជាបក្សពួក និងធ្វើបដិបក្ខគ្នាជាក្រុម។ អាមេរិកប្រញាប់ប្រញាល់ជំរុញឱ្យ អង្គការណាតូបន្ថែមរដ្ឋសមាជិក ជាងនេះទៅទៀតរករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការចាត់ទុកប្រទេសចិនជាសត្រូវស្រមើស្រមៃ ជាមធ្យោបាយអាក្រក់មួយដើម្បីឱ្យអង្គការណាតូបន្ត «បំពេញភារកិច្ចរបស់វា» តទៅទៀត។

ក្នុងបរិបទដែលអាមេរិកចាត់ទុកប្រទេសចិនជា «គូប្រជែងធំបំផុតខាងយុទ្ធសាស្ត្រ» អង្គការណាតូបានដើរតួនាទីជា «ទ័ពស្រួច» ជាថ្មីម្តងទៀត។ កិច្ចប្រជុំកំពូលនៃអង្គការណាតូឆ្នាំនេះ បានអញ្ជើញអ្នកដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ ចូលក្នុងកិច្ចប្រជុំជាលើកដំបូងនេះ គឺជាប្រតិបតិ្តដ៏សំខាន់មួយរបស់ប្រទេសអាមេរិក ដែលប៉ុនប៉ងបង្កបង្កើតអ្វីដែលហៅថា «ណាតូនៅអាស៊ីប៉ាស៊ីហ្វិក» និង «ប្រឌិត» បរិវេណយុទ្ធសាស្ត្រនៅតំបន់ជុំវិញប្រទេសចិន ហើយនេះជាទង្វើដ៏មានគ្រោះថ្នាក់ ដែលចង់អូសទាញតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្លាក់ក្នុងគ្រោះថ្នាក់នៃបដិបក្ខគ្នាជាក្រុម ប្រការទាំងនេះគួរឱ្យប្រទេសក្នុងតំបន់ប្រុងប្រយ័ត្នខ្ពស់។

ប៉ុន្តែ ក្នុងដំណើរវាតទីក្នុងរយៈពេលយូរ ក្នុងផ្ទៃអង្គការណាតូក៏កើតមាន ការបែកបាក់គ្នាជាយូរមកហើយ។ ក្នុងសម័្ពន្ធយោធាធំជាងគេ នៅលើពិភពលោកមួយនេះ អាមេរិកជាបងធំ រីឯអឺរ៉ុបគ្រាន់តែជាកូនចៅតែប៉ុណ្ណោះ។ យ៉ាងណាមិញ អឺរ៉ុបដឹងច្បាស់ណាស់ រវាងចិននិងអឺរ៉ុបគ្មានការប៉ះទង្គិចធំអ្វីទេ ហើយក៏គ្មានទំនាស់ខាងភូមិសាស្ត្រនយោបាយទៀតឡើយ។ នេះជាមូលហេតុ ដែលក្នុងឯកសារយុទ្ធសាស្ត្រថ្មីបំផុត អង្គការណាតូបានមួលបង្កាច់ប្រទេសចិនជា «ការប្រកួតប្រជែងតាមប្រព័ន្ធ» នេះម៉្យាង ម៉្យាងទៀតបែរជាអះអាងថា អង្គការណាតូ «កាន់អាកប្បកិរិយាបើកទូលាយចំពោះ ការប្រាស្រ័យទាក់ទងប្រកបដោយស្ថាបនា ជាមួយប្រទេសចិន»។ អាកប្បកិរិយាដែលចង់ដាក់សម្ពាធផង និងចង់ធ្វើកិច្ចសហប្រតិបតិ្តការទៀតបែបនេះ អាចបញ្ជាក់ថែមមួយកម្រិតទៀតថា ពាក្យសំដីដែលហៅថា «ប្រទេសចិនមានការប្រកួតប្រជែងជាមួយអង្គការណាតូ» គឺខុសឆ្គងនិងគ្មានហេតុផល ។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ រដ្ឋសមាជិកនៃអង្គការណាតូ បានឯកភាពគ្នាយល់ព្រមអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិក ការនេះមានន័យថា អង្គការណាតូនឹងអបអរទទួលការវាតទីជុំទី៦។ ប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយ រាល់វាតទីរបស់អង្គការណាតូ សុទ្ធតែនឹងធ្វើឱ្យស្ថានការណ៍សន្តិសុខ ជាទូទៅរបស់អឺរ៉ុបមានភាពកាន់តែអាប់អួទៅ។

តើប្រទេសណាបានធ្វើការប្រកួតប្រជែងខាងសន្តិសុខ? តើប្រទេសណាមានការគំរាមកំហែងដល់សន្តិភាព? នៅចំពោះមុខការពិតជាក់ស្តែង អង្គការណាតូគ្មានមធ្យោបាយណាអាចដោះសារទេ។ អង្គការមួយនេះបានធ្វើឱ្យអឺរ៉ុបកើត មានភាពច្របូកច្របល់ហើយ កុំស្រមើស្រមៃបង្កភាពចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទៀតឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន