(ប៉េកាំង)៖ បណ្តាបេសកជនរបស់ប្រទេសលោកខាងលិចប្រចាំនៅប្រទេសចិន នាថ្ងៃចន្ទនេះបាននាំគ្នាសម្តែងការរិះគន់លើរុស្ស៉ី ដែលបានឈ្លានពានអ៊ុយក្រែន និងបានបន្ថែមថា ចិនមិនគួរបន្តផ្សព្វផ្សាយ «ការឃោសនា» របស់រុស្ស៉ីទៀតឡើយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងក្នុងវេទិកាសន្តិភាពពិភលោក ដែលរៀបចំដោយសាកលវិទ្យាល័យស៉ីងហ័រ (Tsinghua) លោក លោក នីកូឡាស់ បឺនស៍ (Nicholas Burns) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន បានសម្តែងក្តីរំពឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន នឹងឈប់ជួយផ្សព្វផ្សាយ «ការឃោសនាភូតកុហក» របស់រុស្ស៉ី ហើយបន្ទោសអង្គការណាតូ ចំពោះសង្រ្គាមនៅអ៊ុយក្រែន។
ខណៈវេទិកាខាងលើផ្តោតលើ ប្រធានបទទូលំទូលាយនៃអង្គការសហប្រជាជាតិ (UN) និងសណ្តាប់ធ្នាប់ពិភពលោក លោកឯកអគ្គរដ្ឋទូតអាមេរិក ព្រមទាំងឯកអគ្គរដ្ឋទូតអង់គ្លេសនិងបារាំង បាននិយាយរិះគន់ចំៗតែម្តង ចំពោះអ្វីដែលពួកគេហៅថា ជាសកម្មភាពឈ្លានពានរបស់រុស្ស៉ីទៅលើអ៊ុយក្រែន ខណៈឯកអគ្គរដ្ឋទូតរុស្ស៉ី បានច្រានចោល។

គួរបញ្ជាក់ថា ក្រុមឯកអគ្គរដ្ឋទូតលោកខាងលិច ក៏បានបង្វែរការរិះគន់ខ្លះៗរបស់ខ្លួន ទៅលើចិនផងដែរ។ ឯកអគ្គរដ្ឋទូតអង់គ្លេស លោកស្រី ខារ៉ូលីន វីលសុន (Caroline Wilson) និងឯកអគ្គរដ្ឋទូតបារាំង លោក ឡូរិន ប៊ីលី (Laurent Bili) បានច្រានចោលចំពោះ ការអះអាងរបស់ចិនដែលថា ជំនួយសព្វាវុធរបស់អឺរ៉ុបឱ្យទៅអ៊ុយក្រែន កំពុងតែជួយអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន៕