(សៀងហៃ)៖ ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនូវជំងឺកូវីដ ១៩ នៅតាមតំបន់មួយចំនួន រួមទាំងករណីឆ្លងជាចង្កោមនៅឯទីក្រុងសៀងហៃ ដែលនាំឲ្យមានការធ្វើតេស្តនិងការរឹតបន្តឹងថ្មីៗឡើងវិញ ខណៈដែលមន្រ្តីក្នុងមូលដ្ឋានកំពុងធ្វើការយ៉ាងសកម្ម ដើម្បីបញ្ចៀសការរាលដាលខ្លាំង និងការរំខានដល់សេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។

បើទោះបីជាករណីឆ្លងក្នុងស្រុកជាមធ្យមប្រចាំថ្ងៃ មានចំនួនត្រឹម៣០០ករណី ដែលស្ថិតក្នុងកម្រិតតូចតាមស្តង់ដាពិភពលោកក្តី ការកើនឡើងនៃករណីឆ្លងនៅទីក្រុងសំខាន់ៗ កំពុងបង្កក្តីបារម្ភអំពីថា អាចមានការដាក់ចេញនូវវិធានការតឹងរ៉ឹងសាជាថ្មីឡើងវិញ នៅក្រោមគោលនយោបាយកូវីដសូន្យ (COVID zero) របស់ប្រទេសចិន ដែលអាចប៉ះពាល់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មាន មន្រ្តីសុខាភិបាលទីក្រុងសៀងហៃ លោក ចាន តានតាន (Zhao Dandan) បានព្រមានថា «តំបន់មួយចំនួនរបស់ចិន កំពុងប្រឈមមុខនឹងការងើបឡើងវិញនៃជំងឺកូវីដ ១៩ ហើយករណីឆ្លងក្នុងសហគមន៍នៃទីក្រុងសៀងហៃ គឺតម្រូវឲ្យយើងមានការយកចិត្តទុកដាក់ខ្លាំង ដោយមិនអាចបន្ធូរបន្ថយបានទេ»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន និងមានប្រជាជនរស់នៅប្រមាណ២៥លាននាក់ បានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍ ចំនួន២៤ករណី សម្រាប់ថ្ងៃអង្គារសប្តាហ៍នេះ ធៀបនឹងចំនួនត្រឹម៨ករណី កាលពី១ថ្ងៃមុន៕