(ប៉េកាំង)៖ ក្នុងឱកាសខួបទី២៥នៃការដែលតំបន់ហុងកុង វិលត្រឡប់ចូលមាតុប្រទេសវិញ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសនិងលោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានថ្លែងសុន្ទរកថា និងចេញសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នា ដោយអះអាងថា ភាគីអង់គ្លេសមាន «កាតព្វកិច្ចប្រវត្តិសាស្ត្រ» ចំពោះអ្នកក្រុងហុងកុងក្រោមក្របខណ្ឌ «សេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស» ហើយព្រលយសម្តីថា នឹង «មិនលះបង់ចោលតំបន់ហុងកុង» នោះទេ។

ការសម្តែងឆាកល្ខោនខាងនយោបាយដែលគួរឱ្យអស់សំណើចនេះ បានបង្ហាញថា ប្រទេសអាណានិគមកាលពីមុន ដែលត្រូវគេប្រសិទ្ធនាមថា «ចក្រពត្តិដែលព្រះអាទិត្យមិនចេះលិច» មិនចង់ទទួលយកការពិតនៃភាពថមថយចុះរបស់ខ្លួននោះទេ ដូច្នេះ ក៏បាននិយាយតាមទំនើងចិត្តដោយគំនិតងងឹតនិងហួសសម័យ ដែលប៉ុនប៉ងជ្រៀតជ្រែកកិច្ចការតំបន់ហុងកុង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។

រដ្ឋាភិបាលចិននិងអង់គ្លេសបានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស» កាលពីខែធ្នូ ឆ្នាំ១៩៨៤ ក្នុងគោលបំណងដោះស្រាយ បញ្ហាវិលត្រឡប់ចូលមាតុប្រទេសចិនវិញរបស់តំបន់ហុងកុង ហើយខ្លឹមសារជាស្នូលគឺ ចិនអនុវត្តអធិបតេយ្យភាពនៅតំបន់ហុងកុងជាថ្មីឡើងវិញ។ យោងតាមសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីតំបន់ហុងកុងវិលត្រឡប់ចូលប្រទេសចិនវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ អង់គ្លេសគឺគ្មានអធិបតេយ្យភាព គ្មានសិទ្ធិគ្រប់គ្រងនិងគ្មានសិទ្ធិត្រួតពិនិត្យចំពោះហុងកុង ពោលគឺ បច្ចុប្បន្ននេះ អង់គ្លេសគ្មានសិទ្ធិអីមកជ្រៀតជ្រែកកិច្ចការរបស់ហុងកុងនោះទេ។ តើតំបន់ហុងកុងបានអភិវឌ្ឍល្អឬអត់ ការពិតជាក់ស្តែងគឺជាភស្តុតាងល្អបំផុត។ អង្គភាពសេដ្ឋកិច្ចដ៏សេរីបំផុតលើទូទាំងពិភពលោក មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មជ្ឈមណ្ឌលនាវាចរណ៍អន្តរជាតិនិងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ល។

ក្នុងរយៈពេល២៥ឆ្នាំបន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ ទូទាំងពិភពលោកបានមើលឃើញ សមិទ្ធផលដ៏ធំធេងដែលតំបន់ហុងកុងទទួលបាន ហើយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ទទួលបានជោគជ័យដែលទូទាំងពិភពលោក ទទួលស្គាល់ជាទូទៅនៅតំបន់ហុងកុង។ បច្ចុប្បន្ននេះ ការស្នេហាជាតិនិងស្រឡាញ់តំបន់ហុងកុង បានក្លាយជាគំនិតឯកភាពរួមដ៏សំខាន់ក្នុងសង្គមហុងកុង គ្មានលំហសម្រាប់អ្នកអាណានិគម ប្រព្រឹត្តអំពើអាក្រក់ដូចកាលពីមុននោះឡើយ។ ក្នុងស្រុកអង់គ្លេស ស្នូរសំរែកឱ្យធ្វើការបោះឆ្នោតសកលដើម្បីស្វែងរកឯករាជ្យ នៃតំបន់ស្កុតឡេនកាន់តែលាន់ឮខ្ទរខ្ទា។

ព្រមពេលជាមួយគ្នានេះ តម្រូវការនិងសំណូមពរស្តីពី «ការដកខ្លួនចេញពីអង់គ្លេស» របស់តំបន់អៀរឡង់ខាងជើង ក៏កាន់តែខ្លាំងឡើងៗផងដែរ។ ខណៈពេលនេះ រដ្ឋាភិបាលលោក Boris Johnson អះអាងថា «មិនលះបង់ចោលតំបន់ហុងកុង» គ្រាន់តែចង់ឆ្លៀតប្រើការបង្ហាញភាពខ្លាំងក្លា ចំពោះបរទេសលើផ្ទៃអន្តរជាតិ ដើម្បីផ្ទេរវិវាទក្នុងប្រទេសនិងទម្លាក់កំហុសទៅឱ្យគេ ប៉ុន្តែធ្វើអ៊ីចឹងគ្រាន់តែបញ្ឆោតខ្លួនឯងប៉ុណ្ណោះ។ កាលណាទំនាស់ទាំងនេះវិវឌ្ឍកាន់តែខ្លាំងឡើងៗ នោះ អ្នកនយោបាយអង់គ្លេសមិនត្រឹមតែនឹងប្រឈមបញ្ហា «ដកខ្លួនចេញពីអង់គ្លេស» នៃតំបន់ស្កុតឡេននិងអៀរឡង់ខាងជើងប៉ុណ្ណោះទេ ថែមទាំងក៏នឹងប្រឈមវិបត្តិរំលាយជាតិ និងឋានៈអន្តរជាតិធ្លាក់ចុះថែមមួយកម្រិតទៀតផងដែរ។

មធ្យោបាយប្រើប្រាស់ការគ្រប់គ្រងដោយអាណានិគម ទៅបំបែកបំបាក់ប្រទេសដទៃទៀតរបស់ អ្វីដែលហៅថា «ចក្រពត្តិដែលព្រះអាទិត្យមិនចេះលិច» ក្នុងរយៈពេលរាប់រយឆ្នាំកន្លងទៅ បានហួសសម័យហើយ។ អ្នកនយោបាយអង់គ្លេស គួរតែយល់ច្បាស់ការពិតជាក់ស្តែងនិងនិន្នាការជាទូទៅ និងភ្ញាក់ពីសុបិនអាណានិគមនិយមឱ្យបានឆាប់រហ័ស។ គួរតែព្រួយបារម្ភថា ប្រសិនបើតំបន់ស្កុតឡេននិងអៀរឡង់ខាងជើង «ដកខ្លួនចេញពីអង់គ្លេស» នោះ អង់គ្លេសត្រូវធ្វើយ៉ាងណា? តើអង់គ្លេសនឹង «រ៉ាប់រងកាតព្វកិច្ចប្រវត្តិសាស្ត្រ» យ៉ាងណាចំពោះប្រជាជនអង់គ្លេស?

វិទ្យុមិត្តភាពកម្ពុជាចិន