(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian នៅថ្ងៃពុធនេះបានស្នើឱ្យសហរដ្ឋអាមេរិក ជ្រើសរើសរវាងការទទួលយកកិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្ត ឬ ប្រកាន់ ខ្ជាប់ នឹង ការ ទាមទារ ឯកតោភាគី របស់ ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២។

លោក Amir-Abdollahian បានសរសេរនៅលើ Twitter បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell កាលពីយប់ថ្ងៃអង្គារថា «កិច្ចព្រមព្រៀងអាចធ្វើទៅបានដោយផ្អែកលើការយល់ដឹង និងផលប្រយោជន៍ទៅវិញទៅមក»

លោក បាន សង្កត់ធ្ងន់ថា «យើងនៅតែត្រៀមខ្លួនជាស្រេចក្នុងការចរចាដើម្បីកិច្ចព្រមព្រៀងដ៏រឹងមាំ និងជាប់លាប់មួយ» ដោយទទូចថាសហរដ្ឋអាមេរិកត្រូវតែសម្រេចចិត្តថាតើ ត្រូវជ្រើសរើសធ្វើកិច្ចព្រមព្រៀងមួយឬ ប្រកាន់ខ្ជាប់នឹងការទាមទារឯកតោភាគីរបស់ខ្លួន។

ការសន្ទនារវាងទីក្រុងតេអេរ៉ង់ និងក្រុងប្រ៊ុចសែលធ្វើឡើងតាមការប៉ុនប៉ងនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុប ក្នុងការធ្វើឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចូលទៅក្នុងជុំថ្មីនៃកិច្ចចរចាដោយប្រយោល ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម ហៅកាត់ថា JCPOA៕