(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa នៅថ្ងៃពុធនេះបានទូរសព្ទទៅមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងបានស្នើសុំឥណទានប្រេងឥន្ធនៈ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២២។

លោក Rajapaksa បាននិយាយថា លោកមានការហៅទូរសព្ទមួយទៅលោក ពូទីន ប្រកបដោយផ្លែផ្កា។

ក្នុងអំឡុងការហៅទូរសព្ទនេះ លោក Rajapaksa បានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ី ដើម្បីជំនះឧបសគ្គកន្លងមក។

លោក Rajapaksa បាននិយាយថា «ខ្ញុំបានស្នើសុំការផ្តល់ជូនការគាំទ្រផ្នែកឥណទាន ដើម្បីនាំចូលឥន្ធនៈទៅកាន់ប្រទេសស្រីលង្កា ក្នុងការយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ចបច្ចុប្បន្ន»

មេដឹកនាំស្រីលង្កាក៏បានស្នើសុំសមភាគីរុស្ស៊ី ឱ្យបន្តប្រតិបត្តិការក្រុមហ៊ុនហោះហើរ Aeroflot នៅក្នុងប្រទេសស្រីលង្កាផងដែរ។

លោកបានបន្តថា «យើងបានឯកភាពជាឯកច្ឆ័ន្ទលើការពង្រឹងទំនាក់ទំនងទ្វេភាគី លើវិស័យដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ដែលជាកត្តាសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ»

គួរជម្រាបថា ប្រទេសស្រីលង្កាបាននឹងកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈដ៏ធ្ងន់ធ្ងរ ហើយគណបក្សនយោបាយបានជំរុញឱ្យប្រធានាធិបតីស្នើសុំប្រេងឆៅពីប្រទេសរុស្ស៊ី៕