(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ ទី៤ ខែកក្កដានេះ បានប្រកាសពីជ័យជម្នះក្នុងការដណ្ដើមគ្រប់គ្រងតំបន់លូហានទាំងមូល បន្ទាប់ពី ទាហានរុស្ស៉ីវាយកាន់កាប់ទីក្រុងលីស៊ីចាន់ស្កិ៍ (Lysychansk) ពីអ៊ុយក្រែន ហើយគោលដៅបន្ទាប់របស់មូស្គូ គឺតំបន់ដូណេត។ លូហាន និងដូណេត រួមបញ្ចូលគ្នាបង្កើត បានជាតំបន់ដុនបាស់ នៃភាគខាងកើតប្រទេសអ៊ុយក្រែនដែលលោក ពូទីន សន្យាថានឹងរំដោះឱ្យបានទាំងស្រុង នៅពេលបញ្ជាឱ្យទាហានរបស់លោកវាយសម្រុកចូល អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ។

ខណៈតំបន់លូហាន ធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរុស្ស៉ី ក្រុមអ្នកវិភាគ បញ្ញវន្ត និងអតីតអ្នកនយោបាយអាមេរិកល្បីៗខ្លះ បាននាំគ្នាចោទសួរជាថ្មីថាតើអ៊ុយក្រែន​គួរតែយល់​ព្រម ធ្វើសម្បទានទឹកដីឱ្យលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើរដែរ ឬក៏យ៉ាងណា? សម្រាប់អ្នកផ្សេងដែលចង់​ឱ្យសង្រ្គាមបញ្ចប់​ឆាប់ៗ ប្រហែលជាចង់ឱ្យអ៊ុយក្រែនយល់ព្រមកាត់ទឹកដីឱ្យរុស្ស៉ី តែសម្រាប់អ៊ុយក្រែន វាជារឿងដ៏ឈឺចាប់ជាទីបំផុត ហើយដោយសារតែមិនចង់បាត់បង់ទឹក​ដី​នេះឯង ទើបពួកគេតស៊ូ ប្រយុទ្ធមកដល់សព្វថ្ងៃ។ តែទោះជាមិនចង់ក៏ដោយ មើលទៅក៏ពិបាកនឹងគេចផុតណាស់ ដ្បិតស្ថានការណ៍សង្រ្គាមសព្វថ្ងៃបានបង្ហាញ​ថារុស្ស៉ីកាន់តែរីកចម្រើនទៅមុខ និងកាន់តែខិតជិតទៅរកការគ្រប់តំបន់ដុនបាស់ទាំងស្រុង។

បើតាមលោក ហ្សេលេនស្គី បច្ចុប្បន្ន រុស្ស៉ីកំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រហែលជា ២០ភាគរយ។ ដូច្នេះបើរុស្ស៉ីមិនព្រមដកទ័ព ហើយសង្រ្គាមនៅតែអូសបន្លាយ អ្នកដែល រងគ្រោះធ្ងន់ធ្ងរជាងគេ មានតែអ៊ុយក្រែនមួយគត់ នៅក្នុងបរិបទដែលគេមើលឃើញថា គ្មានប្រទេសណាតូ (NATO) ណាមួយ ឬសូម្បីតែ មេបក្សសម្ព័ន្ធណាតូ សហរដ្ឋអា​មេរិក ក៏មិនប្រថុយលូកដៃធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ជួយអ៊ុយក្រែន ដើម្បីប្រឆាំងនឹងយក្សនុយក្លេអ៊ែរដូចជារុស្ស៉ីនោះដែរ។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ធ្លាប់បានអះអាងថានឹងមិនដាក់សម្ពាធឱ្យអ៊ុយក្រែន ធ្វើកិច្ចចរចាសន្តិភាពតាមរយៈការធ្វើសម្បទានទឹកដីឱ្យរុស្ស៉ីទេ និងថែមទាំង បានសន្យាថានឹងផ្ដល់ជំនួយយោធា រួមទាំងការគាំទ្រនានាដើម្បីអាចឱ្យអ៊ុយក្រែនឈ្នះក្នុងសង្រ្គាមនេះ។ ពាក្យថាឈ្នះនេះ វាជាការជំរុញលើកទឹកចិត្តដ៏សំខាន់ តែបញ្ហាសំខាន់ នោះគឺនៅត្រង់ថាទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច សុទ្ធតែមិនមានឆន្ទៈប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៉ី។ ជាការពិតណាស់ ការមិនប្រឈមមុខ ដោយផ្ទាល់ជាមួយរុស្ស៉ី ត្រូវបានអ្នកជំនាញភាគច្រើនយល់ថាជាគោលនយោបាយដ៏ល្អ ព្រោះវាអាចទប់ស្កាត់កុំឱ្យសង្រ្គាមនៅអ៊ុយក្រែន រាលដាល​ទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ ប៉ុន្តែវាក៏ប្រឈមមុខនឹងការផ្ដល់សម្បទានដ៏ច្រើនឱ្យរុស្ស៉ីផងដែរ។

ពាក់ព័ន្ធនឹងការចរចាបញ្ចប់សង្គ្រាម វាមានទស្សនៈយល់ឃើញផ្សេងៗគ្នា ដ្បិតនៅក្នុងចំណោមប្រទេសលោកខាងលិចបានបែងចែកជាពីរក្រុម គឺ «ក្រុមគាំទ្រសន្តិភាព» និង «ក្រុមគាំទ្រយុត្តិធម៌»។ សម្រាប់ក្រុមប្រទេសគាំទ្រសន្តិភាព អ៊ុយក្រែនគួរតែធ្វើសម្បទាន ឬចរចាជាមួយរុស្ស៉ីដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់ រីឯក្រុមប្រទេសគាំទ្រយុត្តិ​ធម៌ ពួកគេយល់ថាគេមិនគួរផ្ដល់សម្បទានណាមួយឱ្យរុស្ស៉ីនោះទេ ផ្ទុយមកវិញ គេត្រូវធ្វើឱ្យមូស្គូ តបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមចំពោះទង្វើឈ្លាន​ពានរបស់ខ្លួន​នៅអ៊ុយក្រែន ហើយធ្វើបែបនេះសំដៅរារាំងកុំឱ្យរុស្ស៉ីដើរឈ្លានពានគេឯងនៅពេលអនាគត។

ប៉ុន្តែ ទោះជាមានការខ្វែងគំនិតគ្នា ទាំងក្រុមប្រទេសគាំទ្រសន្តិភាព និងយុត្តិធម៌ មានគំនិតដូចគ្នាថាបញ្ហាសម្បទានទឹកដីមានតែអ៊ុយក្រែនប៉ុណ្ណោះដែលជាអ្នកសម្រេចចិត្ត ដោយខ្លួនឯង។ ដូចគ្នាទៅនឹងក្រុមប្រទេសគំាទ្រសន្តិភាព អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហិនរី ឃីសស៊ីងហ្គឺ (Henry Kissinger) ក៏យល់ស្របដែរថាអ៊ុយក្រែន គួរតែទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៉ីលើតំបន់គ្រីមៀ និងតំបន់ដុនបាស់ ភាគខាងកើតនៃប្រទេស ដើម្បីជាថ្នូរនឹងសន្តិភាព ខណៈអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក ចន មៀសៃមឺ (John Mearsheimer) សង្កត់ធ្ងន់ថាជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់អ៊ុយក្រែន នោះគឺត្រូវព្យាយាមស្រុះស្រួលជាមួយរុស្ស៉ី។ លោក ឃីសស៊ីងហ្គឺ និងលោក មៀសៃមឺ ចង់ឱ្យអ៊ុយក្រែនផ្ដល់សម្បទានឱ្យរុស្ស៉ី គឺដើម្បីឱ្យសហរដ្ឋអាមេរិកមានពេលវេលាគ្រប់គ្រាន់ និងប្រមូលធនធាន ផ្ដោតជាសំខាន់លើការប្រជែងឥទ្ធិពល ជាមួយចិន ដែលជាគូប្រជែងចម្បងរបស់អាមេរិកក្នុងស.វទី២១នេះ មិនមែនរុស្ស៉ីនោះទេ ពោលធ្វើយ៉ាងណាកុំឱ្យរុស្ស៉ីរត់ទៅរកចិនពេញទំហឹង។

ដោយឡែក បើតាមលោក ឌូក បាន់ដូវ (Doug Bandow) ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Cato Institute មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប គួរតែស្វែងរកកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ (modus vivendi) ជាមួយនឹងរុស្ស៉ី ដែលធានាបាននូវឯករាជ្យភាពរបស់អ៊ុយក្រែន និងស្ថិរភាព សកលលោក បើទោះជាកិច្ចព្រមព្រៀងនោះ «មិនមានលក្ខណៈល្អឥតខ្ចោះក៏ដោយ» តែវាប្រសើរជាងសង្រ្គាមដែលគ្មានទីបញ្ចប់។ លោកបន្ថែមថាសហរដ្ឋអាមេរិក និងអឺរ៉ុប គួរណាស់ តែផ្ដោតលើការបញ្ចប់សង្រ្គាមឱ្យបានឆាប់ មិនមែនជ័យជម្នះនៅក្នុងសង្រ្គាមនោះទេ។ ការអូសបន្លាយសង្រ្គាម វាមានតែបង្កការបំផ្លិចបំផ្លាញ និងធ្វើឱ្យអ៊ុយក្រែន បាត់បង់ឯករាជ្យភាព ឬភាពជារដ្ឋតែប៉ុណ្ណោះ ហើយវិបត្តិសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ឡើង ហើយចុងក្រោយនឹងធ្វើឱ្យសម្ព័ន្ធមិត្ត រួមទាំងសហរដ្ឋអាមេរិកហត់នឿយក្នុងការ ផ្ដល់ជំនួយដល់ទីក្រុងកៀវ ដោយពួកគេនឹងត្រូវដោះស្រាយបញ្ហានៅក្នុងស្រុករៀងៗខ្លួន។

ម្យ៉ាងវិញទៀត ការប៉ុនប៉ង ឬក៏ការលើកឡើងថាអ៊ុយក្រែន ត្រូវតែឈ្នះសង្រ្គាម វានឹងធ្វើឱ្យលោក ពូទីន កាន់តែបង្កើនការវាយប្រហារ ឬអាចប្រើអាវុធគីមី ឬក៏អាចប្រើអាវុធ នុយក្លេអ៊ែរតែម្ដង ដើម្បីសម្រេចគោលដៅ ដ្បិតចំពោះលោក ពូទីន សង្រ្គាមនៅអ៊ុយក្រែនដាច់ខាត រុស្ស៉ីត្រូវតែ «ឈ្នះ»។

អតីតប្រធានាធិបតីអាមេរិក លោក ជីមមី ខាតធឺ (Jimmy Carter) ធ្លាប់បាននិយាយថា «មានរឿងជាច្រើននៅក្នុងជីវិត ដែលជួបភាពអយុត្តិធម៌ ដោយអ្នកមានអាចរស់នៅ ដោយសមរម្យ រីឯអ្នកក្រីក្រមិនអាចនោះទេ»។ នេះគឺជាការពិត ជាពិសេសនៅពេលនិយាយពីនយោបាយអន្តរជាតិ។ ប្រសិនបើ នៅក្នុងពិភពលោកមួយដ៏ល្អឥតខ្ចោះ អ៊ុយក្រែន ប្រហែលជាអាចយកទឹកដីរបស់ខ្លួនមកវិញ ក្នុងនោះរួមទាំងតំបន់គ្រីមៀ, អាចទទួលបានសំណងពីទីក្រុងមូស្គូ ឬអាចនឹងរហូតដល់ទទួលបានលិខិតសុំទោស ពីលោក ពូទីនក៏ថាបាន។ ក៏ប៉ុន្តែ ពិភពលោកសព្វថ្ងៃវាមិនមែនល្អឥតខ្ចោះទេ៕