(កៀវ)៖ អភិបាលនៃតំបន់លូហាន់ (Luhansk) និងតំបន់ដូណេត (Donetsk) បាននិយាយថា កងកម្លាំងរុស្ស៉ីបានបង្កើនការវាយប្រហារលើទឹកដីភាគខាងកើត អ៊ុយក្រែន និងបានវាយលុកដល់តំបន់ដែលមានជនស៉ីវិល ដោយប្រើមីស៉ីលបំផ្លាញភូមិ ក៏ដូចជាប្រែក្លាយទីក្រុងទៅជាកម្ទេចកម្ទី។ នេះបើយោងតាមការដកស្រង់ផ្សាយ ចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។

ក្រុមមន្រ្តីអ៊ុយក្រែន បានអះអាងនៅថ្ងៃពុធសប្តាហ៍នេះថា ការបាញ់ផ្លោងមិនរើសមុខដោយកងកម្លាំងរុស្ស៉ី រយៈពេល២៤ម៉ោងចុងក្រោយបានសម្លាប់ជនស៉ីវិល ចំនួន៨នាក់ និង២៥នាក់ទៀតរងរបួស។ ភាគច្រើននៃជនស៉ីវិលដែលស្លាប់គឺនៅក្នុងតំបន់ដូណេត ជាកន្លែងដែលរុស្ស៉ីបង្កើនការវាយលុករបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

អភិបាលតំបន់ដូណេត លោក ប៉ាវឡូ គីរីឡិនកូ (Pavlo Kyrylenko) បានសរសេរលើបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា «រាល់អ្នកប្រពឹត្តិឧក្រិដ្ឋកម្មសង្រ្គាមនឹង ត្រូវផ្តន្ទាទោស»។ រីឯអភិបាលតំបន់លូហាន់ លោក សឺហ៉ី ហៃដៃ (Serhiy Haidai) បានបញ្ជាក់ថា កងកម្លាំងរុស្ស៉ីវាយដណ្តើមកាន់កាប់បានភាគច្រើននៃតំបន់នេះ ប៉ុន្តែ មិនមែនគ្រប់គ្រងបានទាំងស្រុងឡើយ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តនៅទីក្រុងសមរភូមិ លីស៉ីចាន់ស្ក៍ (Lysychansk) ខណៈមានជនស៉ីវិលរហូតដល់ ១៥,០០០នាក់ស្ថិតនៅទីនោះ ហើយ ប្រមាណ ៨,០០០នាក់ស្ថិតនៅក្បែរទីក្រុង ស៉ីវីយេរ៉ូដូណេត (Sievierodonetsk) ជាកន្លែងដែលទាហានរុស្សី និងក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៉ី វាយដណ្តើមបានកាលពីខែមុន៕