(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីកាលពីថ្ងៃពុធសប្តាហ៍នេះ បានអះអាងថា កងទ័ពខ្លួនបានកម្ទេចប្រព័ន្ធបាញ់មីស៉ីល HIMARS របស់អាមេរិកចំនួន២គ្រឿង នៅឯតំបន់ដុនបាស់ នៃភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី បានអះអាងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន យ៉ាងដូច្នេះថា «នៅតំបន់ ម៉ាឡូតារ៉ានូវកា (Malotaranovka) ក្នុងតំបន់ដុនបាស់ មីស៉ីលបាញ់ចេញពីយន្តហោះរបស់រុស្ស៉ី បានកម្ទេចប្រព័ន្ធបាញ់មីស៉ីលអាមេរិក HIMARS ចំនួន២គ្រឿង រួមទាំងកន្លែងស្តុកគ្រាប់សម្រាប់ពួកវា ចំនួន២កន្លែងផងដែរ»

គួរបញ្ជាក់ថា កន្លងមកនេះ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រព័ន្ធ HIMARS សរុបចំនួន៨គ្រឿង ឱ្យដល់អ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៉ី ដោយក្នុងនោះយ៉ាងហោច៤គ្រឿង ត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែនរួចហើយ។ ឆ្លើយតបការអះអាងខាងលើ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខច្រានចោលថា វាគ្រាន់ជាការផ្សព្វផ្សាយព័ត៌មានមិនពិត របស់ទីក្រុងមូស្គូតែប៉ុណ្ណោះ៕