(វ៉ាស៊ីនតោន)៖ ការតស៊ូដ៏អស្ចារ្យរបស់ប្រជាជនអ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី ដែលលោកខាងលិចហៅថាជាការឈ្លានពាន ទទួលបានការកោតសរសើរ យ៉ាងខ្លាំងពីជុំវិញពិភពលោក។ ក៏ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទេ ហើយវាក៏មិនគួរត្រូវបានយកមកបិទបាំងការពិតនោះដែរ នោះគឺបើសហរដ្ឋអាមេរិក ណាតូ (NATO) និងសហភាពអឺរ៉ុប នៅតែខ្លាចក្នុងការប្រឈមមុខជាមួយលោក ពូទីន និងមិនមាន «កម្មវត្ថុនយោបាយច្បាស់លាស់» ទេ អ៊ុយក្រែននឹងមិនអាចឈ្នះឡើយ។

គ្រប់យុទ្ធសាស្ត្រទាំងអស់តែងតែចាប់ផ្ដើមជាមួយសំណួរមួយយ៉ាងសាមញ្ញ៖ តើអ្វីទៅជាកម្មវត្ថុនយោបាយ? នៅត្រង់នេះ ចម្លើយងាយស្រួលឆ្លើយបំផុត។ អ៊ុយក្រែន មានកម្មវត្ថុនយោបាយយ៉ាងច្បាស់លាស់ នោះគឺការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ ចំណែកឯ អាមេរិក ណាតូ និងសហភាពអឺរ៉ុបមិនមានកម្មវត្ថុនយោបាយច្បាស់លាស់សោះ។ អ៊ុយក្រែន មិនត្រូវការចាំបាច់រហូតដល់មានកងទ័ពបរទេសមកជួយច្បាំងដើម្បីយកឈ្នះលើ រុស្ស៉ីនោះទេ។ អ្វីដែលអ៊ុយក្រែនត្រូវការគឺជំនួយសេដ្ឋកិច្ច នយោបាយ និងយោធាពីណាតូ និងសហរដ្ឋអាមេរិក។ តែមកទល់នឹងពេលនេះ អ្វីដែលអ៊ុយក្រែនទទួលបាន មិនទាន់គ្រប់គ្រាន់ឡើយ។

និយាយពីសេដ្ឋកិច្ច អ៊ុយក្រែនស្ទើរតែក្លាយជាប្រទេសគ្មានសមុទ្រ ឬដែនទឹកទៅហើយ ដ្បិតរុស្ស៉ីកំពុងគ្រប់គ្រងសមុទ្រខ្មៅដែលនេះធ្វើឱ្យអ៊ុយក្រែនមិនអាចនាំចេញ ស្រូវសាឡី និងទំនិញផ្សេងទៀតដែលសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែក។ សហរដ្ឋអាមេរិក និងអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៉ី ប៉ុន្តែបណ្ដាប្រទេសអឺរ៉ុប នៅតែបន្តពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៉ី ដោយពួកគេនៅតែបង់លុយរាប់ពាន់លានដុល្លារចូលហោរប៉ាវរុស្ស៉ីជារៀងសប្ដាហ៍។ នៅត្រង់ចំណុចនេះដែរ អតីតអនុទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រីក វ៉ាត់ដែល (Rick Waddell) បានកត់សម្គាល់ថាដរាបណា អឺរ៉ុបនៅតែបន្តបង់លុយឱ្យរុស្ស៉ី សង្រ្គាមក៏នឹងមិនងាយ បញ្ចប់នោះដែរ។

មេដឹកនាំអឺរ៉ុបកាលពីពេលថ្មីៗនេះ បានផ្ដល់ឋានៈជា «បេក្ខភាពសមាជិកសហភាពអឺរ៉ុប» ឱ្យអ៊ុយក្រែនក៏ពិតមែន តែបារាំង និងអាល្លឺម៉ង់មិនបានជំរុញឱ្យមានការផ្ដល់ សមាជិកភាពឱ្យអ៊ុយក្រែន ភ្លាមៗ ឬក្នុងពេលអនាគតដ៏ខ្លីឡើយ ដ្បិតខ្លាចធ្វើឱ្យលោក ពូទីនខឹងសម្បារ។ រីឯ សហរដ្ឋអាមេរិកបានចេញផ្សាយបញ្ជីនៃវិធានការរបស់ខ្លួន ដែលបញ្ចៀសឱ្យបាននូវការចូលរួមក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី ហើយនេះកាន់តែធានាជ័យជម្នះឱ្យលោក ពូទីន និងធ្វើឱ្យផែនការរបស់រុស្ស៉ីដើរទៅមុខកាន់តែ រលូន ខណៈតាំងពីដើមទីមក សមាជិកសភាពណាតូសម្រាប់អ៊ុយក្រែនប្រៀបដូចជាការយល់សុបិន។

មេដឹកនាំនយោបាយអាមេរិក និងអឺរ៉ុបសុទ្ធតែបានបង្ហាញពីសាមគ្គីភាពប្រឆាំងនឹងលោក ពូទីន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ប៉ុន្តែការអនុវត្តជាក់ស្ដែង វាមិនដូចជា ការនិយាយនោះទេ។ ជាការពិតណាស់ លោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាជួយពង្រឹងសមត្ថភាពយោធារបស់អ៊ុយក្រែន តាមរយៈ ការផ្ដល់មីស៊ីលប្រឆាំងយន្ដហោះចម្បាំង មីស៊ីលប្រឆាំងរថក្រោះ កំាភ្លើងធំ និងគ្រាប់រំសេវ រួមទាំងជំនួយហិរញ្ញវត្ថុ យន្ដហោះដ្រូន និងការចែករំលែកព័ត៌មានសម្ងាត់ ដែលបានជួយទាហានអ៊ុយក្រែនទទួលបានជោគជ័យក្នុងការការពារទីក្រុងកៀវ និងទីក្រុងខាកៀវ។ ព្រមពេលជាមួយគ្នា រដ្ឋបាលលោក ចូ បៃដិន និងមេដឹកនាំអឺរ៉ុប បានបដិសេធបញ្ជូនយន្ដហោះចម្បាំង រថក្រោះទំនើប ហើយទោះជាផ្ដល់ប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ តែមានលក្ខខណ្ឌកុំឱ្យអ៊ុយក្រែនវាយប្រហារចូលដីរុស្ស៉ី។

តើនេះមានន័យដូចម្ដេច? តើវាអាចជួយអ៊ុយក្រែនឱ្យឈ្នះរុស្ស៉ីទេ បើលក្ខខណ្ឌបែបនេះបានដាក់កំហិតលើសមត្ថភាពពិតប្រាកដរបស់អ៊ុយក្រែនក្នុងការវាយលុក និងការពារទឹកដីរបស់ខ្លួនឱ្យបានជោគជ័យ ទៅហើយនោះ? នៅក្នុងសង្រ្គាមសម័យទំនើបដូចសព្វថ្ងៃ គឺត្រូវការជាចាំបាច់យន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលបាញ់បាន ចម្ងាយឆ្ងាយដ៏មានឥទ្ធិពល ដូច្នេះបើមិនមានសមត្ថភាពបែបនេះ វាមានតែនឹងរុញអ៊ុយក្រែនធ្លាក់ចូលក្នុងសង្រ្គាមដែលជាប់គាំង ឬអាចនឹងបាត់បង់តំបន់ដុនបាស់ ទាំងស្រុងតែប៉ុណ្ណោះ ក្រោយរុស្ស៉ីទើបតែយកតំបន់លូហានទាំងមូល។

សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថារុស្ស៉ីពិតជាមានបញ្ហាខាងយុទ្ធសាស្ត្រ ភស្ដុភារ ចារកម្ម និងប្រតិបត្តិការតាមផ្លូវអាកាស។ ប៉ុន្តែ ការខ្វះខាតទាំងនេះ មានត្រឹម រយៈពេលខ្លី ដោយរុស្ស៉ីបានកែប្រែស្ថានការណ៍ រៀនសូត្រពីបរាជ័យ និងស្របខ្លួនបានយ៉ាងលឿន ដូចដែលគេឃើញនៅក្នុងការវាយលុករបស់ទាហានរុស្ស៉ីក្នុងតំបន់ ដុនបាស់ដែលមានភាពខុសប្លែកខ្លាំង បើធៀបទៅនឹងពេលសង្រ្គាមផ្ទុះឡើងដំបូង។ ប្រទេសលោកខាងលិចមួយចំនួនធំសុទ្ធតែសង្ឃឹមថាលោក ពូទីន នឹងបាត់បង់ អំណាច តែផ្ទុយទៅវិញ អត្រាគាំទ្ររបស់លោកនៅក្នុងចំណោមប្រជាជនរុស្ស៉ីនៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយលោកថែមទាំងហ៊ាននិយាយត្រង់ៗពីមហិច្ឆតាយកមក វិញនូវទឹកដីដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងនៃចក្រភពរុស្ស៉ី។

ផ្ទុយពីលោកខាងលិច លោក ពូទីនតែងតែបង្ហើបពីមហិច្ឆតា និងកម្មវត្ថុនយោបាយច្បាស់លាស់។ តួយ៉ាងនៅក្នុងសុន្ទរកថាកាលពីឆ្នាំ២០០៧ នៅឯសន្និសីទសន្តិសុខ ក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ បុរសខ្លាំងរូបនេះបានបង្ហាញទៅកាន់លោកខាងលិចពីមហិច្ឆតាស្ដារ «ភាពខ្លាំងអស្ចារ្យរបស់រុស្ស៉ីឡើងវិញ» ហើយក្រោយមក លោកបានអនុវត្តសកម្មភាពជាក់ស្ដែងនៅប្រទេសហ្ស៊កហ្ស៊ីកាលពីឆ្នាំ២០០៨, តំបន់គ្រីមៀ និងដុនបាស់ក្នុងឆ្នាំ២០១៤, នៅស៊ីរី និងបច្ចុប្បន្នក្នុងសង្រ្គាមនៅ អ៊ុយក្រែន។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ហ្សេលេនស្គី បានលើកឡើងម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនអនុញ្ញាតឱ្យមហាអំណាចណាមួយមកបង្ខំឱ្យខ្លួន យល់ព្រមចរចាកាត់ទឹកដីឱ្យរុស្ស៉ីជាដាច់ខាត ព្រោះថាវាមានតែធ្វើឱ្យអ៊ុយក្រែនក្លាយជារដ្ឋបរាជ័យប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការពិតមិនអាចប្រកែកបាន នោះគឺអ៊ុយក្រែន មិនដើរទៅមុខដោយគ្មានជំនួយពីខាងក្រៅនោះឡើយ។ ដូច្នេះ តាមរយៈការបដិសេធនូវអ្វីដែលអ៊ុយក្រែនត្រូវការដើម្បីឈ្នះ វាប្រៀបដូចលោកខាងលិចកំពុងបង្ខំឱ្យលោក ហ្សេលេនស្គី ចូលតុចរចា ឬរហូតផ្ដល់សម្បទានទឹកដីឱ្យរុស្ស៉ី។ អ្នកខ្លះបាននិយាយថាការភ័យខ្លាចរបស់ណាតូ ឬការមិនប្រឈមមុខជាមួយលោក ពូទីន អាចនឹងបញ្ចុះ បញ្ចូលកុំឱ្យរុស្ស៉ីបង្កសង្រ្គាមនៅពេលអនាគត។

ប៉ុន្តែ ប្រសិនបើរុស្ស៉ីអាចនឹងសា្ដរសេដ្ឋកិច្ច យោធាឡើងវិញ និងអាចយកឈ្នះលើទណ្ឌកម្មរបស់លោកខាងលិចនៅក្នុង សង្រ្គាមអ៊ុយក្រែន នោះទីក្រុងមូស្គូ នឹងមិនភ័យខ្លាចក្នុងការធ្វើសង្រ្គាម ហើយកាន់តែសំខាន់ជាងនេះទៅទៀត សង្រ្គាមអ៊ុយក្រែននឹងបង្រៀនមេរៀនមួយឱ្យលោកពូទីន ចាំនៅក្នុងចិត្ត នោះគឺណាតូ និងសហភាពអឺរ៉ុប នឹងបញ្ចៀសការប្រឈមមុខជាមួយរូបលោក។ នេះហើយទើបជាគ្រោះថ្នាក់ពិតប្រាកដ៕