(ឡុងដ៍)៖ លោក Boris Johnson បានប្រកាសជាផ្លូវការនូវការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានគណបក្សអភិរក្សនិយម ប៉ុន្តែលោកបានបន្ថែមថា លោកនឹងនៅតែជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់គណបក្ស បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្ដដា ឆ្នាំ២០២២។

ថ្លែងពីវិមាន Downing Street លោកបានថ្លែងអំណរគុណដល់មនុស្សរាប់លាននាក់ ដែលបានបោះឆ្នោតជូនគណបក្សអភិរក្សនៅក្នុងការបោះឆ្នោតចុងក្រោយ ហើយបាននិយាយថា មូលហេតុដែលលោកតស៊ូយ៉ាងយូរ ដើម្បីបន្តកាន់តំណែងគឺដោយសារតែ លោកគិតថាវាជាការងារ និងកាតព្វកិច្ចរបស់លោក។

លោក Johnson ក៏បាននិយាយផងដែរថា លោកបានព្យាយាមបញ្ចុះបញ្ចូលគណៈរដ្ឋមន្ត្រីរបស់លោកថា វាជារឿង «ចម្លែក» ក្នុងការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីឥឡូវនេះ ប៉ុន្តែបានបន្ថែមថា «ខ្ញុំសោកស្តាយដែលមិនបានទទួលជោគជ័យក្នុងអំណះអំណាងទាំងនោះ»

នាយករដ្ឋមន្ត្រីរូបនេះបាន បញ្ជាក់ ទៀតថា ដំណើរ ការ ដើម្បី ស្វែងរកការតែងតាំង មេដឹកនាំ ថ្មី នឹង ចាប់ ផ្តើម នៅ ពេល នេះ ដោយ មាន កាលវិភាគ កំណត់ ច្បាស់លាស់នៅ សប្តាហ៍ ក្រោយ។

គួរបញ្ជាក់ ការប្រកាសលាលែងពីតំណែងនេះ គឺធ្វើឡើងបន្ទាប់ពីការកើតមានរឿងអាស្រូវផ្ទួនៗក្នុងរដ្ឋបាលលោក ហើយសមាជិករដ្ឋាភិបាល និងរដ្ឋមន្ត្រីកាន់តែច្រើននាក់ សុំចុះចេញពីតំណែងជាបន្តបន្ទាប់នាពេល៣ថ្ងៃចុងក្រោយនេះ៕