(កៀវ)៖ ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីលើទីក្រុងកំពង់ផែ មីកូឡេវ (Mykolaiv) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះបានសម្លាប់មហាសេដ្ឋីអ៊ុយក្រែន និងជាម្ចាស់ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ បន្ទាប់ពីរុស្ស៉ីចោទថាយន្តហោះដ្រូនអ៊ុយក្រែន បានវាយប្រហារលើមូលដ្ឋានទ័ពជើងទឹករបស់ខ្លួនប្រចាំតំបន់សមុទ្រខ្មៅ។ នេះបើតយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។

អភិបាលតំបន់ មីកូលេវ លោក វីតាលី គីម (Vitaliy Kim) បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា ម្ចាស់ក្រុមហ៊ុនកសិកម្ម នីប៊ូឡុន (Nibulon) គឺលោក អូឡិចស៉ី វ៉ាដាទូស្គី (Oleksiy Vadatursky) និងភរិយារបស់លោកបានស្លាប់នៅក្នុងផ្ទះតែម្ដង ក្រោយការវាយប្រហាររបស់រុស្ស៉ី។ ចំណែកឯ អភិបាលក្រុង មីកូលេវ លោក អូឡិចសាន់ដឺ សេនកេវ៉ិច (Oleksandr Senkevych) ក៏បាននិយាយដែរថាការបាញ់ផ្លោងមីស៉ីលច្រើនជាង ១២លើកចុងក្រោយនេះ គឺមានសភាពខ្លាំងក្លាបំផុត ក្នុងសង្គ្រាមរយៈពេល ៥ខែមកនេះ ដោយបានវាយប្រហារផ្ទះ និងសាលារៀន ហើយយ៉ាងហោចណាស់មនុស្ស ចំនួន ៣នាក់ផ្សេងទៀតបានរងរបួស។

គួរបញ្ជាក់ថា ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនកសិកម្មដ៏ធំរបស់អ៊ុយក្រែនខាងលើ ស្ថិតនៅក្នុងទីក្រុងកំពង់ផែ Mykolaiv ដែលជាទីក្រុងយុទ្ធសាស្ត្រសំខាន់ មានព្រំប្រទល់ជាប់តំបន់ខឺសុន (Kherson) ដែលបច្ចុប្បន្នរុស្ស៊ីដណ្តើមកាន់កាប់បានភាគច្រើន។ Nibulon ជាក្រុមហ៊ុនជំនាញក្នុងការផលិត និងនាំចេញស្រូវសាលី ស្រូវបាឡេ និងពោត ជាដើម៕