(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថាបច្ចុប្បន្ន មិនមែនជាពេលវេលាល្អ សម្រាប់អតីតប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដើម្បីវិលត្រឡប់ចូលមកក្នុងប្រទេសវិញនោះទេ ព្រោះវាអាចធ្វើឲ្យមានភាពតានតឹងផ្នែកនយោបាយ។ នេះបើយោងតាមការដកស្រង់ផ្សាយពីការសែត Wall Street Journal នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយ Wall Street Journal លោក វីគ្រីមេស៉ីងហ្កេ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿថាវានៅមិនទាន់ដល់ពេលសម្រាប់លោក រ៉ាចាប៉ាកសា ដើម្បី វិលត្រលប់មកវិញទេ ដូច្នេះខ្ញុំសុំមិននិយាយថា លោកអាចនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះឡើយ»។ Wall Street Journal បានរាយការណ៍ថា លោក វីគ្រីមេស៉ីងហ្កេ នៅតែទាក់ទងជាមួយលោក រ៉ាចាប៉ាកសា ដើម្បីដោះស្រាយកិច្ចការរដ្ឋាភិបាល និងមុខងាររបស់រដ្ឋាភិបាលផ្សេងទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីប្រឈមមុខនឹងការអំពាវនាវឱ្យលាលែងពីតំណែង ជុំវិញការគ្រប់គ្រងប្រទេស អតីតប្រធានាធិបតីស្រីលង្កា លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេស នៅថ្ងៃទី១៣ ខែកក្កដា និងបានលាលែងពីតំណែង ហើយសព្វថ្ងៃលោកកំពុងស្នាក់នៅក្នុងប្រទេសសិង្ហបុរី៕