(ប៉េកាំង)៖ ចិនបានបន្តព្រមានធ្ងន់ៗនៅថ្ងៃចន្ទនេះថា យោធាចិននឹងមិននៅអង្គុយស្ងៀមជាដាច់ខាត ប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ពិតជាហ៊ានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដូចការសង្ស័យមែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២។

ការព្រមានថ្មីចុងក្រោយគេខាងលើ គឺត្រូវបានធ្វើឡើងកំលុងសន្និសីទសារព័ត៌មានជាប្រចាំមួយ របស់ក្រសួងការបរទេសចិន នាថ្ងៃចន្ទនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) ក៏បានលើកឡើងដែរថា ដោយសារតែឋានៈរបស់លោកស្រី ផេឡូស៉ី ក្នុងនាមជាមន្រ្តីកំពូលលំដាប់ថ្នាក់លេខ៣ នៃរដ្ឋាភិបាលអាមេរិក ដំណើរទស្សនកិច្ចទៅតៃវ៉ាន់ ដែលត្រូវប្រទេសចិនចាត់ទុកត្រឹមជា ដែនដីមួយរបស់ខ្លួនប៉ុណ្ណោះនោះ នឹងបង្កឱ្យមានផលប៉ះពាល់ផ្នែកនយោបាយយ៉ាងអវិជ្ជមានបំផុត។

គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ លោកស្រី ផេឡូស៉ី កំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី ដែលជាគោលដៅចាប់ផ្តើម នៃដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់តំបន់អាស៉ី ដោយរួមមានប្រទេស៣ទៀត គឺម៉ាឡេស៉ី កូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្តែលោកស្រី ត្រូវគេសង្ស័យកាន់តែខ្លាំងថា អាចនឹងឆ្លៀតធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដោយមិនខ្វល់ពីការព្រមានរបស់ទីក្រុងប៉េកាំងឡើយ៕