(ញូយ៉ក)៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) បាននិយាយថាដំណើរទស្សនកិច្ចណាមួយរបស់ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ នឹងបំផ្លាញទំនាក់ទំនងមិត្តភាពរវាងចិន និងសហរដ្ឋអាមេរិក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) ចំពេលដែលចិននឹងចាប់ផ្ដើមកាន់តំណែងជាប្រធានប្ដូរវេននៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែសីហានេះ លោក ចាង ជុន ក៏បានបញ្ជាក់ដែរថាដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ពិតជា មានគ្រោះថ្នាក់ជាទីបំផុត ហើយក៏ជាការបង្កហេតខ្លាំងបំផុតផងដែរ។ លោកបន្ថែមថាដំណើរទស្សនកិច្ចរបៀបនេះ ប្រសិនបើវាកើតឡើងពិតមែន នោះវានឹង បំផ្លាញដល់ទំនាក់ទំនងមិត្តភាពរវាងចិន និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅសិង្ហបុរី មិនទាន់បញ្ជាក់ជាផ្លូវការថាតើលោកស្រីនឹងបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ ឬក៏យ៉ាងណានោះទេ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរ ទៅតៃវ៉ាន់នៅថ្ងៃអង្គារនេះ ខណៈយោធាចិនក៏បានព្រមានដែរថានឹងចាត់វិធានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់៕