(តែលអាវីវ)៖ នាដើមសប្តាហ៍នេះ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានបើកការធ្វើសមយុទ្ធរួមគ្នាមួយ ដែលមានរយៈពេល៤ថ្ងៃ នៅលើផ្ទៃសមុទ្រក្រហម ចំពោះការកើនឡើងនៃក្តីបារម្ភ ជុំវិញការគំរាមកំហែងដែលបង្កឡើងដោយ កងកម្លាំងជើងទឹករបស់ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍ របស់កងនាវាអាមេរិក 5th Fleet ដែលទទួលបន្ទុកប្រតិបត្តិការនៅតាមដែនសមុទ្រតំបន់មជ្ឈិមបូព៌ា សមយុទ្ធយោធាខាងលើរវាងប្រទេសទាំងពីរ បានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយប្រព្រឹត្តទៅរហូតដល់ថ្ងៃព្រហស្បតិ៍។ សមយុទ្ធនោះនឹងផ្តោតទៅលើ ការៀបចំផែនការបេសកកម្ម, ការធ្វើប្រតិបត្តិការហាមឃាត់ និងលំហាត់ផ្សេងៗទៀត នៅលើផ្ទៃសមុទ្រ។

យោធាអ៉ីស្រាអែលបានប្រាប់ថា នាវាយោធារបស់ខ្លួនចំនួន២គ្រឿង គឺ INS Keshet (ខេសេត) និង INS Eilat (អីឡាត) ត្រូវបញ្ចូនឱ្យ ចូលរួមក្នុងសមយុទ្ធនេះ ជាមួយនាវាយោធាអាមេរិក រួមមាន USS Nitze (នីតហ្ស៉ី), USS Lewis B. Puller (លីវីស ប៊ី ភូលើ) និង USNS Matthew Perry (ម៉ាត់ស៊ូ ភើរី)។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធរួមនេះកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក បេននី ហ្កាន (Benny Gantz) បានព្រមានថា សកម្មភាពកងកម្លាំងជើងទឹកអ៉ីរ៉ង់ក្នុងតំបន់ គឺកំពុងស្ថិតក្នុងកម្រិតដ៏ខ្ពស់បំផុត អំលុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕