(ប៉េកាំង)៖ ចិន បានព្រមានបណ្ដាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅក្នុងតំបន់អាស៊ី ចៀងវាងការហោះហើរនៅក្បែរតំបន់ជុំវិញកោះតៃវ៉ាន់ ជាទីដែល យោធាចិនកំពុងធ្វើសមយុទ្ធយោធា ឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

បើតាមសេចក្ដីជូនដំណឹងផ្លូវការមួយចេញផ្សាយកាលពីថ្ងៃអង្គារ ការរឹតត្បិតការហោះហើរក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ នឹងត្រូវធ្វើឡើងពីម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី៤ រហូតដល់ម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី៧ ខែសីហានេះ។ កាលពីថ្ងៃអង្គារម្សិលមិញ យោធាចិនក៏បានប្រកាសបិទដែនអាកាសក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិលផងដែរ បន្ទាប់ពីលោកស្រីផេឡូស៊ី ធ្វើដំណើរទៅដល់កោះតៃវ៉ាន់។

លោកស្រី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ដែលនេះបានធ្វើឱ្យលោកស្រីក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិក ដំបូងគេដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ៕