(ណៃពិដោ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយនៅថ្ងៃពុធនេះថា ដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅឯកោះតៃវ៉ាន់ គឺជាការប៉ុនប៉ងដោយចេតនារបស់ទីក្រុងវ៉ាស៉ីនតោន ដើម្បីឲ្យប្រទេសចិនមានការខឹងសម្បារ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «ខ្ញុំមិនឃើញមានហេតុផលណាផ្សេងទៀតឡើយ ដើម្បីបង្កើតការរំខានបែបនេះ ដែលនៅខុសៗគឺកើតចេញមកតែម្តង ហើយទាំងដឹងយ៉ាងជាក់ច្បាស់ថា វាមានអត្ថន័យយ៉ាងណា សម្រាប់ប្រទេសចិន»

គួរបញ្ជាក់ថា វត្តមានររបស់ លោកស្រី Pelosi ដែលទៅដល់តៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារម្សិលមិញ ខណៈចិនចាត់ទុកដែនកោះនេះ ត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះនោះ បានជំរុញឲ្យមានការឆ្លើយតបយ៉ាងខឹងសម្បារ ពីទីក្រុងប៉េកាំង ស្របពេលដែលភាពតានតឹងជាអន្តរជាតិ កំពុងកើនឡើងរួចទៅហើយ ដោយសារតែជម្លោះនៅអ៊ុយក្រែន៕