(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យមានកិច្ចសន្ទនា ដើម្បីដោះស្រាយភាពតានតឹងដែលកើតមាន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅកោះតៃវ៉ាន់ ហើយក៏បានអំពាវនាវឲ្យមានការបើកចំហរទំនាក់ទំនង ជាមួយប្រទេសចិនដើម្បីជៀសវាងការភាន់ច្រឡំណាមួយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

អ្នកនាំពាក្យមួយរូបរបស់ EU នេះ បាននិយាយថា «សហភាពអឺរ៉ុបមានចំណាប់អារម្មណ៍ ក្នុងការរក្សាសន្តិភាពនិងស្ថានភាពដើម នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ យើងលើកទឹកចិត្តឲ្យមានការដោះសា្រយដោយសន្តិវិធី ចំពោះបញ្ហានៅតំបន់ច្រកសមុទ្រមួយនេះ។ ភាពតានតឹងគួរតែត្រូវបានដោះសា្រយតាមរយៈការសន្ទនា ហើយបណ្តាញទំនាក់ទំនងដ៏ត្រឹមត្រូវមួយ គួរតែត្រូវបានរក្សា ដើម្បីកាត់បន្ថយហានិភ័យនៃការភាន់ច្រឡំ»

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យនៃគណៈកម្មកាធិការអឺរ៉ុប, EU មានគោលនយោបាយចិនតែមួយហើយច្បាស់លាស់ ដោយទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ខណៈដែល EU កំពុងបន្តទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការជិតស្និទ្ធជាមួយតៃវ៉ាន់៕