(តៃប៉ិ)៖ នារសៀលថ្ងៃពុធនេះ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី បានឡើងយន្តហោះចាកចេញពីកោះតៃវ៉ាន់វិញហើយ ដើម្បីឆ្ពោះទៅកាន់គោលដៅពីរទៀត មុនបិទបញ្ចប់ដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី នៅក្នុងតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

ដោយពុំខ្វល់ពីការព្រមានរបស់ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃប្រទេសចិន លោកស្រី ផេឡូស៉ី បានមកដល់ទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃអង្គារម្សិលមិញ។ សម្រាប់ក្នុងថ្ងៃពុធនេះ លោកស្រី ផេឡូស៉ី បានថ្លែងសារនៅក្នុងសភាតៃវ៉ាន់ ហើយបានជួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ដើម្បីបង្ហាញពីការបន្តគាំទ្រយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះដែនកោះនេះ។

គួរបញ្ជាក់ថា ក្រោយចាកចេញពីតៃវ៉ាន់ លោកស្រីប្រធានសភាអាមេរិក ត្រូវគេរំពឹងថា នឹងឆ្ពោះទៅកាន់កូរ៉េខាងត្បូង និងជប៉ុន ដើម្បីបន្តដំណើរទស្សនកិច្ចរបស់លោកស្រី នៅក្នុងតំបន់អាស៉ី ដែលបានចាប់ផ្តើមដំបូង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅសិង្ហបុរី និងម៉ាឡេស៉ី៕