(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានបោះឆ្នោតអនុម័តគាំទ្រឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) ក្នុងសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ដែលនេះនឹងបើកផ្លូវដល់ការពង្រីកសមាជិកបន្ថែមដល់ ៣០ប្រទេស ជាការឆ្លើយតបទៅនឹងសង្រ្គាមរបស់រុស្ស៉ីនៅ អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។

ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ៩៥ ទល់នឹង១សំឡេងជំទាស់ ដើម្បីគាំទ្រដល់ផ្ដល់សច្ចាប័នលើឯកសារចូលជាសមាជិកណាតូ នៃប្រទេសទាំង២ ហើយសំឡេងគាំទ្រនេះលើសពីសំឡេងគាំទ្រ២ភាគ៣ ឬ ៦៧សំឡេងដែលត្រូវការជាចាំបាច់ក្នុងអនុម័តឯកសារនេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបង្ហាញការគាំទ្រលើការបោះឆ្នោតខាងលើផងដែរ។ លោក បៃដិន បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «នេះជា ការបោះឆ្នោតជាប្រវត្តិសាស្ត្រ និងការបញ្ជូនសារមួយដ៏សំខាន់នៃការប្ដេជ្ញាចិត្តឥតងាករេ នៃគណបក្សទាំង២របស់សហរដ្ឋអាមេរិកចំពោះណាតូ និងការធានារបស់ យើងចំពោះសម្ព័ន្ធមិត្តរបស់យើង ក្នុងការត្រៀមលក្ខណៈនឹងបញ្ហាប្រឈមទាំងឡាយក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃស្អែក»

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យសុំចូលសមាជិកកាលពីខែឧសភា ដោយសារតែបារម្ភពីបញ្ហាសន្តិសុខជាតិ ចំពោះមុខសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។ ដើម្បីអាចចូលជាសមាជិកណាតូ ប្រទេសទាំង២ ត្រូវតែទទួលបានការធ្វើសច្ចាប័នពីសភានៃប្រទេសជាសមាជិកទាំងអស់ លើឯកសារសុំសូមជា សមាជិក ហើយការផ្ដាល់សច្ចាប័ននេះអាចនឹងចំណាយពេលយ៉ាងហោចមួយឆ្នាំ៕