(សេអ៊ូល)៖ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) និងសមភាគីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថានឹងគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងមិនឱ្យមានការវាយប្រហារមកលើកូរ៉េខាងត្បូង ហើយឈានទៅសម្រេចឱ្យបាន ការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍រួម បន្ទាប់ពីជំនួបរវាងលោកស្រី ផេឡូស៉ី និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក គីម ជីនប្យូ (Kim Jin-pyo) នៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រធានសភាទាំងពីរបានសម្តែងការព្រួយបារម្ភ ចំពោះការវិវត្តនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង។ ភាគីទាំងពីរ បានគូសបញ្ជាក់ដូច្នេះថា «យើងបានយល់ព្រមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងសម្រេចបាននូវសន្តិភាព លើឧបទ្វីបកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាកិច្ចសន្ទនាការទូត ដោយឈរលើសមត្ថភាពរារាំងដ៏ខ្លាំងក្លារឹងមាំ ប្រឆាំងនឹងកូរ៉េខាងជើង»

គួរបញ្ជាក់ថា លោកស្រី ផេឡូស៉ី បានទៅដល់ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ក្រោយចាកចេញពីកោះតៃវ៉ាន់។ មន្ត្រីកូរ៉េខាងត្បូងម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានបង្ហើបឲ្យដឹងថា លោកស្រីប្រធានសភាតំណាងរាស្ត្រអាមេរិក ក៏មានផែនការបំពេញទស្សនកិច្ចទៅកាន់ តំបន់ព្រំដែនអន្តរកូរ៉េ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នារវាងទីបញ្ជាការយោធា UN ដឹកនាំដោយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍នេះផងដែរ៕