(យូអិន)៖ ប្រមុខអង្គការសហប្រជាជាតិ (UN ) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) កាលពីថ្ងៃពុធសប្តាហ៍នេះ បានចោទប្រកាន់លើ បណ្តាក្រុមហ៊ុនប្រេងនិងឧស្ម័នថា ទទួលបានបា្រក់ចំណេញ «ច្រើនលើសលប់» ពីវិបត្តិថាមពលដែលបង្កឡើង ដោយសង្រ្គាមនៅអ៊ុយក្រែន ហើយហៅសកម្មភាពនោះថាជារឿង «អសីលធម៌»។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។

UN បានចេញផ្សាយនូវរបាយការណ៍មួយស្តីពី ផលវិបាកនៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយនៅក្នុងរបាយការណ៍នោះ លោក ហ្គូតឺរ៉េស ក៏បានជំរុញដល់រដ្ឋាភិបាលនៃប្រទេសនានា ឱ្យយកពន្ធលើប្រាក់ចំណូលដ៏ច្រើនរបស់ក្រុមហ៊ុនទាំងនោះ។ លោក ហ្គូតឺរ៉េស បានគូសបញ្ជាក់ថា «វាជារឿងអសីលធម៌របស់ក្រុមហ៊ុនប្រេងនិងឧស្ម័ន សម្រាប់ការកេងយកផលចំណេញយ៉ាងហួសហេតុ ពីវិបត្តិថាមពលនេះ ដោយជិះលើខ្នងរបស់ប្រជាជន និងសហគមន៍ក្រីក្រ។ ខ្ញុំជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ រឹតបន្តឹងការយកពន្ធលើប្រាក់ចំណេញនៃក្រុមហ៊ុនទាំងនោះ ដើម្បីយកទៅបង្កើតជាមូលនិធិមកគាំទ្រ ដល់ប្រជាជនងាយរងគ្រោះបំផុត ក្នុងពេលវេលាដ៏លំបាកនេះ»

គួរបញ្ជាក់ថា បើតាមលោក ហ្គូតឺរ៉េស, ប្រាក់ចំណេញរួមគ្នារបស់ក្រុមហ៊ុនថាមពលដ៏ធំៗបំផុត សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២នេះ មានជិត ១០០ពាន់លានដុល្លារ។ ជាមួយការកើនឡើងនៃតម្លៃប្រេងនិងឧស្ម័នជាសកល ក្រុមហ៊ុនថាមពលយក្សដូចជា BP, ExxonMobil, Chevron និង Shell ជាដើម ក៏បានរាយការណ៍ពី ប្រាក់ចំណូលដ៏ច្រើនសម្បើម សម្រាប់ត្រីមាសទី២ ផងដែរ៕